ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និងអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ព្រមានរុស្ស៊ី ប្រឆាំងនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីជប៉ុន និងឯកអគ្គរដ្ឋទូតអាមេរិករបស់ខ្លួន បានព្រមានរុស្ស៊ី ប្រឆាំងនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងទស្សនកិច្ចនៅថ្ងៃសៅរ៍នេះ ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីតាំងនៃការវាយប្រហារ ដោយគ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទី២ ។

ការព្រមានរបស់ពួកគេធ្វើឡើង បន្ទាប់ពីទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារបានបដិសេធ មិនយល់ព្រមឲ្យដាក់ពង្រាយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយនិយាយថា វាអាចប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន ប្រសិនបើរុស្ស៊ី ប្រឈមមុខនឹង “ការគំរាមកំហែងដែលមានស្រាប់” ។

លោក Fumio Kishida មេដឹកនាំជប៉ុន និងឯកអគ្គរដ្ឋទូត Rahm Emanuel បានទៅទស្សនាឧទ្យាន និងសារមន្ទីរសន្តិភាព ដែលអ្នកការទូតអាមេរិក បានហៅជំហររបស់រុស្ស៊ីថា “មិនអាចយល់បាន” ។

មនុស្សប្រហែល១៤០.០០០នាក់ បានស្លាប់នៅគ្រាដែលទីក្រុងហ៊ីរ៉ូស៊ីម៉ាត្រូវបានទម្លាក់គ្រាប់បែក ក្នុងឆ្នាំ១៩៤៥ ដែលជាចំនួនអ្នកស្លាប់ ដែលរាប់បញ្ចូលទាំងអ្នកដែលបានរួចរស់ជីវិត ពីការបំផ្ទុះ ប៉ុន្តែបានស្លាប់បន្ទាប់ពីមានការប៉ះពាល់ នឹងវិទ្យុសកម្ម ។

៣ថ្ងៃក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានទម្លាក់គ្រាប់បែក ផ្លាតូនីញ៉ូម ទៅលើទីក្រុងកំពង់ផែ Nagasaki របស់ប្រទេសជប៉ុន ដោយបានសម្លាប់មនុស្ស ប្រហែល៧៤.០០០នាក់ និងនាំទៅដល់ការបញ្ចប់សង្រ្គាម លោកលើកទី២ ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសតែមួយគត់ ដែលធ្លាប់ប្រើអាវុធនុយក្លេអ៊ែរ ក្នុងជម្លោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top