បរទេស៖ តុលាការរុស្ស៊ីបានបញ្ជាក់ពីការបណ្តេញឆ្មាំជាតិចំនួន ១១៥ នាក់ ដែលជំទាស់នឹងការបណ្តេញចេញនេះ បន្ទាប់ពីពួកគេបដិសេធមិនចូលរួមក្នុងប្រតិបត្តិការយោធារបស់ក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន។ ករណីនេះហាក់ដូចជាការបញ្ជាក់ជាផ្លូវការលើកដំបូងនៃទាហានដែលបដិសេធមិនចូលរួមក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី 24 ខែកុម្ភៈ។
យោងតាមគេហទំព័រ Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការយោធានៅសាធារណរដ្ឋ Kabardino-Balkaria ភាគខាងត្បូងនៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានពិនិត្យមើល “ឯកសារចាំបាច់” ហើយបានសាកសួរមន្ត្រីនៃឆ្មាំជាតិ ដែលជាកម្លាំងសន្តិសុខក្នុងស្រុកដាច់ដោយឡែកពីកងទ័ពរុស្ស៊ី។
តុលាការបានសន្និដ្ឋានថា ចុងចោទ “បានបដិសេធក្នុងការបំពេញការងារជាផ្លូវការ” ហើយតុលាការក៏បានបដិសេធបណ្តឹងឧទ្ធរណ៍របស់ពួកគេផងដែរ។ សវនាការនេះត្រូវបានធ្វើឡើងដោយបិទទ្វារដើម្បីចៀសវាងការលាតត្រដាង “អាថ៌កំបាំងយោធា”។
ដោយលើកឡើងពីសេវាសារព័ត៌មានរបស់តុលាការ ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានទាំងនោះបានបដិសេធមិនបំពេញភារកិច្ចដែលទាក់ទងនឹង “ប្រតិបត្តិការពិសេស” របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា