ព័ត៌មានអន្តរជាតិ

តួកគី ព្រមានខ្លាំងៗ ទៅលើប្រទេសចំនួន២ ជាសមាជិកអង្គការណាតូ

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូត មកពីប្រទេសអាល្លឺម៉ង់ និងបារាំង ជុំវិញសកម្មភាពគ្មានការរារាំង របស់គណបក្សពលករឃឺដ (PKK) នៅក្នុងប្រទេសរបស់ពួកគេ។

រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានព្រមានសមាជិកណាតូទាំងអស់ ជាពិសេសហ្វាំងឡង់ និងស៊ុយអែត ដែលព្យាយាមចូលរួម​ ជាមួយប្លុកនេះថា ខ្លួននឹងមិនអត់ឱន ចំពោះការគាំទ្រណាមួយ ចំពោះក្រុមភេរវករ ប្រឆាំងតួកគីឡើយ។

យោងតាមសារព័ត៌មាន RTចេញផ្សាយនៅថ្ងៃទី31 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងាររដ្ឋ Anadolu កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រទេសតួកគីមានការព្រួយបារម្ភ ចំពោះការកើនឡើង នៃសកម្មភាពនាពេលថ្មីៗនេះ ដោយក្រុម PKK និងអង្គការភេរវករផ្សេងទៀត នៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ បន្ទាប់ពីក្រុមដែលទីក្រុង Ankara ចាត់ទុកថាជាភេរវករបានធ្វើបាតុកម្ម នៅប្រទេសទាំងពីរ។

លោក Cavusoglu បាននិយាយ “យើងកំពុងនិយាយអំពីការប្រមូលផ្តុំគ្នា ដែលនិមិត្តសញ្ញា និងទង់របស់ភេរវករត្រូវបានបង្ហាញ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងបារាំងត្រូវបានកោះហៅ កាលពីម្សិលមិញទៅកាន់ ក្រសួងការបរទេស។ ពួកគេត្រូវបានគេប្រគល់កំណត់ត្រា ទាក់ទងនឹងសកម្មភាពបែបនេះ របស់អង្គការភេរវជន។ យើងបានផ្តល់ការព្រមាន យ៉ាងម៉ឺងម៉ាត់ដល់ពួកគេ” ។

ទោះបីជាលោករដ្ឋមន្ត្រី មិនបានលើកឡើង ជាក់លាក់ណាមួយថា បាតុកម្មណាមួយបានជំរុញ ឱ្យមានការឆ្លើយតប របស់ទីក្រុងអង់ការ៉ាក៏ដោយ វាហាក់ដូចជាថា លោកកំពុងសំដៅទៅលើ Long Marches ដែលបច្ចុប្បន្នកំពុងត្រូវបានប្រារព្ធឡើង ដោយចលនាយុវជនឃឺដ នៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង ក្រិក អង់គ្លេស ស៊ុយអែត និងស្វីស៕ ប្រែសម្រួល៖ ណៃ តុលា

Most Popular

To Top