ព័ត៌មានអន្តរជាតិ

បេសកជន របស់ទីក្រុងគៀវ រិះគន់អ៊ីស្រាអែល ចំពោះការបដិសេធ មិនបញ្ជូនអាវុធ​ ឱ្យអ៊ុយក្រែន

បរទេស ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេស អ៊ីស្រាអែល បានរិះគន់ប្រទេសអ៊ីស្រាអែល ចំពោះការបដិសេធមិន ផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប ដោយនិយាយថា ពួកគេត្រូវការ ដើម្បីការពារកងកម្លាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Yevgen Korniychuk បានស្នើសុំឱ្យមានការបង្កើន ជំនួយផ្នែកយោធា ពីរដ្ឋាភិបាលអ៊ីស្រាអែល ដោយបានរិះគន់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបដិសេធចំពោះរដ្ឋាភិបាលទីក្រុងគៀវ នូវការដឹកជញ្ជូនកាំជ្រួច ប្រឆាំងរថក្រោះ Spike ។

លោកបាននិយាយថា “ខ្ញុំចង់ឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ផ្លាស់ទីឆ្ងាយពីតំបន់សុខស្រួលរបស់ខ្លួន ហើយត្រឡប់ទៅរកការពិតវិញ” ដោយអះអាងថា មន្ត្រីអាមេរិកបានចុះហត្ថលេខាលើ មីស៊ីល Spike ដែលត្រូវផ្ទេរឆ្លងកាត់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែ “អ៊ីស្រាអែល បាននិយាយថា ទេ” ។

ការអត្ថាធិប្បាយរបស់ Korniychuk ហាក់ដូចជាបញ្ជាក់ពីរបាយការណ៍មុនៗ អំពីកិច្ចព្រមព្រៀងមីស៊ីលផ្លោង ដែលបង្ហាញថា ការផ្ទេរ Spike ត្រូវបានពិភាក្សាក្នុងអំឡុង ពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាពេលថ្មីៗ នេះដោយមន្ត្រីយោធាអ៊ីស្រាអែល ។ អគ្គនាយក នៃក្រសួងការពារជាតិ អ៊ីស្រាអែល លោក Amir Eshel តាមសេចក្តីរាយការណ៍ គឺបានបដិសេធមិនគាំទ្រគំនិតនេះ ជុំវិញការព្រួយបារម្ភថា សព្វាវុធនឹងត្រូវប្រើប្រាស់ ដើម្បីសម្លាប់ទាហានរុស្ស៊ី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ជាមួយទីក្រុងម៉ូស្គូ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top