អង់ការ៉ា៖ តួកគីបានធ្វើមាតុភូមិនិវត្តន៍ ជនជាតិអាហ្វហ្គានីស្ថានសរុបចំនួន ១៨២៥៦ នាក់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេ ចាប់តាំងពីជើងហោះហើរទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន ត្រូវបានដំណើរការឡើងវិញ នៅថ្ងៃទី២៧ខែមករា។

ក្រសួងមហាផ្ទៃតួកគី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ចំនួនសរុបនៃជនចំណាកស្រុក ខុសច្បាប់ ដែលត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេចាប់ តាំងពីដើមឆ្នាំនេះ បានកើនឡើងដល់ ៣៤១១២នាក់។
ជនបរទេសសរុបចំនួន ២៤,៣៤៤នាក់ នៃ ៨៩សញ្ជាតិ កំពុងស្ថិតនៅក្រោមការឃុំខ្លួន ផ្នែករដ្ឋបាលសម្រាប់ការនិរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចាប់តាំងពីពួកតាលីបង់ បានកាន់កាប់អាហ្វហ្គានីស្ថានមក ការឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីតួកគី មានការកើនឡើង។ ប្រទេសតួកគី គឺជាចំណុចឆ្លងកាត់ដ៏សំខាន់ សម្រាប់ជនចំណាកស្រុក ដែលមានគោលបំណងឆ្លង ទៅកាន់អឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
