វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ប្រទេសរបស់លោកកំពុង ផ្តល់កញ្ចប់ ជំនួយសន្តិសុខបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃ ១ពាន់លានដុល្លារអាមេរិក ព្រមទាំងជំនួយមនុស្សធម៌ ដែលមានតម្លៃ ២២៥លានដុល្លារ។

លោក បៃដិន បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelensky អំពីការសម្រេច ចិត្តក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ដែលប្រធានាធិបតីអាមេរិកបាននិយាយថា ជំនួយសន្តិសុខនឹងរួមបញ្ចូល “កាំភ្លើងធំបន្ថែម និងអាវុធការពារឆ្នេរសមុទ្រ ព្រមទាំងគ្រាប់រំសេវសម្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតទំនើប ដែលអ៊ុយក្រែនត្រូវការ ដើម្បីគាំទ្រប្រតិបត្តិការការពាររបស់ពួកគេ” នៅក្នុងតំបន់ដុនបាស ភាគខាងកើត អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន។
លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយមនុស្សធម៌នឹង “ជួយប្រជាជនក្នុង ប្រទេសអ៊ុយក្រែន រួមទាំងដោយការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងការថែទាំសុខភាពសំខាន់ៗ អាហារ ទីជម្រក និងសាច់ប្រាក់ សម្រាប់គ្រួសារ ដើម្បីទិញរបស់របរសំខាន់ៗ” ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានកោះប្រជុំប្រទេសជាង ៤៥ នៅទីក្រុង Brussels កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន។
លោក បៃដិន បានលើកឡើងថា “យើងក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក Austin នៅទីក្រុង Brussels នៅថ្ងៃនេះ ដើម្បីសម្របសម្រួលការគាំទ្រអន្តរជាតិបន្ថែម សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”៕
ប្រែសម្រួល ឈូក បូរ៉ា
