ព័ត៌មានអន្តរជាតិ

មិនងាយចប់ទេ! អាមេរិក ដឹកអាវុធទំនើបៗធន់ធ្ងន់ទៅជួយអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នាកំពុងក្តៅគគុក

រដ្ឋបាលលោក Biden បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងផ្តល់ជំនួយយោធាបន្ថែមចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលជាកញ្ចប់ដែលរួមមានការដឹកជញ្ជូន កាំភ្លើងធំ គ្រាប់រំសេវ និងប្រព័ន្ធការពារ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធមុនការប្រកាសដែលមន្ទីរបញ្ចកោណបាននិយាយថាមានការផ្តល់ឲ្យអ៊ុយក្រែននូវកាំភ្លើងធំចំនួន ១៨ គ្រឿង គ្រាប់រំសេវចំនួន ៣៦,០០០ គ្រាប់ និងប្រព័ន្ធការពារ Harpoon ចំនួន២។

“ខ្ញុំបានជូនដំណឹងទៅប្រធានាធិបតី Zelensky ថាសហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយសន្តិសុខចំនួន​១ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងកាំភ្លើងធំ និងអាវុធការពារឆ្នេរសមុទ្រ ក៏ដូចជាគ្រាប់រំសេវសម្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតទំនើបដែលអ៊ុយក្រែនត្រូវការដើម្បីគាំទ្រដល់ប្រតិបត្តិការការពាររបស់ពួកគេនៅក្នុងតំបន់ Donbas” លោក Biden និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការហៅទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន។

អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឱ្យដឹងថា ពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ៥ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

Most Popular

To Top