អាមេរិក៖ក្រុមប្រឹក្សាភិបាលរបស់បណ្តាញសង្គមយក្សអាមេរិក Twitter បានផ្តល់អនុសាសន៍ជាឯកច្ឆ័ន្ទដល់ម្ចាស់ភាគហ៊ុនថា ពួកគេបានយល់ព្រមលើការផ្តល់ជូនចំនួន ៤៤ ពាន់លានដុល្លាររបស់លោក Elon Musk ដើម្បីកាន់កាប់ក្រុមហ៊ុននេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សម្រាប់ឯកសារបទប្បញ្ញត្តិកាលពីព្រឹកថ្ងៃអង្គារ ក្រុមប្រឹក្សាភិបាលរបស់ Twitter បានជំរុញឲ្យម្ចាស់ភាគហ៊ុនយល់ព្រមលើការទិញក្នុងតម្លៃដែលបានស្នើឡើងរបស់លោក Musk ចំនួន ៥៤.២០ ដុល្លារក្នុងមួយហ៊ុនក្នុងអំឡុងពេលកិច្ចប្រជុំពិសេសមួយនៅចុងឆ្នាំនេះ។
ទោះបីជាលោក Musk បានគម្រាមដកខ្លួនចេញពីកិច្ចព្រមព្រៀងរួមបញ្ចូលគ្នាដែលលោកបានចុះហត្ថលេខាកាលពីថ្ងៃទី ២៥ ខែមេសា ដោយលើកឡើងពីការព្រួយបារម្ភអំពីគណនីក្លែងក្លាយក៏ដោយ ក្រុមប្រឹក្សាភិបាលរបស់ Twitter បានទទូចថា ខ្លួននឹងអនុវត្តកិច្ចព្រមព្រៀងដូចដែលបានចុះហត្ថលេខា។
កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតរបស់ម្ចាស់ភាគហ៊ុនមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែកិច្ចព្រមព្រៀងបញ្ចូលគ្នារួមមានកាលបរិច្ឆេទផុតកំណត់នៃថ្ងៃទី ២៤ ខែតុលា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ៕ដោយ៖លី ភីលីព