ព័ត៌មានអន្តរជាតិ

លោកពូទីន ហៅលោកអាបេ ថាជា រដ្ឋបុរសពិសេស ដែលបានធ្វើច្រើន សម្រាប់ទំនាក់ទំនង អ្នកជិតខាងល្អ រវាងរុស្ស៊ី និងជប៉ុន

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ម្តាយ និងភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់កាលពីថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា សាររបស់លោក ពូទីន បានហៅលោក អាបេ ថាជា “រដ្ឋបុរសពិសេសម្នាក់ ដែលបានធ្វើច្រើនសម្រាប់ទំនាក់ទំនង អ្នកជិតខាងល្អ” រវាងរុស្ស៊ី និងជប៉ុន ក្នុងអំឡុងពេលកាន់តំណែង របស់លោក។

លោក ពូទីន បាននិយាយថា ក្នុងអំឡុងពេលទំនាក់ទំនង ជាមួយអ្នកនយោបាយជប៉ុន លោកបានកោតសរសើរ យ៉ាងពេញទំហឹង ចំពោះគុណសម្បត្តិផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់គាត់ ។

លោកបាន និយាយ ថា « ការ ចងចាំ ដ៏ រីករាយ អំពី បុរស ដ៏ អស្ចារ្យ ម្នាក់ នេះ នឹង ស្ថិត នៅ ក្នុង ចិត្ត អ្នក រាល់ គ្នា ដែល បាន ស្គាល់ គាត់ ជា រៀង រហូត » ។

មុននេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានពណ៌នាការបាញ់ប្រហារនេះថាជា “អំពើភេរវកម្ម” ហើយបានអំពាវ នាវឱ្យពិរុទ្ធជនទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានហៅលោក អាបេ ថាជាអ្នកស្នេហាជាតិ ពិតប្រាកដរបស់ប្រទេសជប៉ុន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top