ព័ត៌មានអន្តរជាតិ

លោក បៃដិន ទៅដល់ប្រទេសអ៊ីស្រាអែល ហើយ ក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ា

យេរ៉ូសាឡឹម ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល កាលពីរសៀលថ្ងៃពុធ ដោយបើកដំណើរ ទស្សនកិច្ចលើកដំបូង របស់លោក ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រធានាធិបតី ក្នុងអំឡុងពេលដែលលោក នឹងជួបពិភាក្សាជាមួយមន្ត្រី នៃប្រទេសអ៊ីស្រាអែល ប៉ាឡេស្ទីន និងអារ៉ាប៊ីសាអូឌីត ។

លោក បៃដិន ត្រូវបានស្វាគមន៍នៅក្នុងពិធីផ្លូវការមួយ នៅឯអាកាសយានដ្ឋាន Ben Gurion នៅខាងក្រៅទីក្រុង Tel Aviv ដោយប្រធានាធិបតី អ៊ីស្រាអែល លោក Issac Herzog នាយករដ្ឋមន្ត្រី Yair Lapid រដ្ឋមន្ត្រី និង សមាជិកសភា ផ្សេងទៀត។

លោកបានទទួលការសង្ខេប អំពីសន្តិសុខ នៅអាកាសយានដ្ឋាន ស្តីពីប្រព័ន្ធប្រឆាំងរ៉ុក្កែត Iron Dome និង Iron Beam ដែលជាប្រព័ន្ធការពារ ដែនអាកាស ដែលមានមូលដ្ឋានលើឡាស៊ែរ ដែលទើបបង្កើតថ្មី ។

ក្នុងសុន្ទរកថា រួមលោក Lapid បានលើកឡើងថា លោក បៃដិន គឺ ជា “មិត្តដ៏ល្អបំផុតមួយ ដែល អ៊ីស្រាអែល មិនធ្លាប់ស្គាល់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Lapid បានបន្ដថា “យើងនឹងពិភាក្សា អំពីការកសាងស្ថាបត្យកម្ម សន្តិសុខ និងសេដ្ឋកិច្ចថ្មី ជាមួយប្រជាជាតិ នៃ មជ្ឈិមបូព៌ា ដោយអនុវត្ត តាមកិច្ចព្រមព្រៀង Abraham” ដោយបន្ថែមថា “យើងនឹងពិភាក្សា អំពីតម្រូវការក្នុងការបន្តសម្ព័ន្ធភាពសកលដ៏រឹងមាំ ដែលនឹងបញ្ឈប់កម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់” ។

សម្រាប់ផ្នែករបស់លោកវិញ លោក បៃដិន បានឲ្យដឹងថា ទំនាក់ទំនងរវាងអ៊ីស្រាអែល និង សហរដ្ឋអាមេរិក “មានភាពស៊ីជម្រៅ” ដោយបន្ថែមថា លោកនឹងធ្វើការក្នុងអំឡុង ពេលធ្វើដំណើររបស់លោក ដើម្បីជំរុញសមាហរណកម្ម របស់អ៊ីស្រាអែលនៅក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top