ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងរុស្ស៊ី មានវឌ្ឍនភាពតិចតួចក្នុងកិច្ចពិភាក្សា ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានធ្វើឱ្យមានការវិវឌ្ឍតិចតួចនៅក្នុងកិច្ចពិភាក្សា ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមពីតំណាងប្រទេសតួកគី និងអង្គការសហប្រជាជាតិផងដែរ។

លោក Zelensky ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់លោកឲ្យដឹងថា “គណៈប្រតិភូអ៊ុយក្រែន បានជូនដំណឹងខ្ញុំថាមានការរីកចម្រើនខ្លះ។ យើងនឹងយល់ព្រមលើព័ត៌មានលម្អិតជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅប៉ុន្មានថ្ងៃខាងមុខនេះ” ។

លោកបានលើកឡើងថា អ៊ុយក្រែន កំពុងខិតខំប្រឹងប្រែងយ៉ាងសំខាន់ ដើម្បីស្ដារការផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល គណៈប្រតិភូមកពីអ៊ុយក្រែន រុស្ស៊ី និងតួកគីបានជួបជាមួយគណៈប្រតិភូអង្គការសហប្រជាជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីស្វែងរកមធ្យោបាយនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក៕

Most Popular

To Top