បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុនស្វែងរកយក្ស របស់អាមេរិក គឺ Google ជាង ២១ ពាន់លានរូប្ល ស្មើនឹង ៣៦៦ លានដុល្លារអាមេរិក កាលពីថ្ងៃចន្ទ សម្រាប់ការខកខាន ក្នុងការលុបព័ត៌មានហាមឃាត់ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការសង្កាត់ Tagansky របស់ទីក្រុងមូស្គូបានពិន័យជាប្រាក់ ផ្អែកលើការផ្ទេរប្រាក់លើក្រុមហ៊ុន IT សម្រាប់ការបដិសេធម្តងហើយម្តងទៀតរបស់ខ្លួន ក្នុងការលុបព័ត៌មានដែលហាមឃាត់ដោយច្បាប់រុស្ស៊ី។ Roskomnadzor ដែលជាអ្នកឃ្លាំមើលអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយជាតិ ពីមុនបានតម្រូវឱ្យក្រុមហ៊ុនលុប “ព័ត៌មានបំភាន់” ទាំងអស់ទាក់ទងនឹងការវាយលុកយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ចេញពី YouTube ។
មុនការសម្រេចរបស់តុលាការ គឺខាង Roskomnadzor បានផ្ញើការជូនដំណឹង Google ចំនួន១៧ដង ដែលតម្រូវឱ្យក្រុមហ៊ុនយក្សមួយនេះគោរពតាមច្បាប់របស់រុស្ស៊ី ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មិនបានអនុវត្តតាមនោះទេ។ ការផាកពិន័យសរុបគឺស្មើនឹងមួយភាគដប់នៃក្រុមហ៊ុន និងចំណូលប្រចាំឆ្នាំរបស់រចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនៅក្នុងប្រទេសរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា