ប្រទេសថៃ គ្រោងនឹងឯកភាពគ្នាលើច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យជនបរទេស ដែលមានលុយវាល់លានដុល្លារ អាចទិញដីនិងផ្ទះ ជាកម្មសិទ្ធផ្ទាល់ខ្លួនបាន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយ របស់កាសែត បាងកក ប៉ុស្តិ៍។

អ្នកនាំពាក្យរដ្ឋាភិបាល Thanakorn Wangboonkongchana បានបញ្ជាក់ឱ្យដឹងថា ច្បាប់ថ្មីមិនទាន់ដាក់ឱ្យប្រើនៅឡើយទេ ពោលគឺត្រូវរង់ចាំការឯកភាព ពីគណៈរដ្ឋមន្រ្តីថៃជាមុនសិន។ ប្រភពខាងលើបន្តថា ការអនុញ្ញាតឱ្យជនបរទេស មានលុយវាល់លានដុល្លារ អាចទិញដីនិងផ្ទះ ជាកម្មសិទ្ធផ្ទាល់ខ្លួន នៅក្នុងប្រទេសថៃ គឺជាយុទ្ធសាស្រ្ត ក្នុងការទាក់ទាញសេដ្ឋីៗ ពីក្រៅប្រទេសមក ធ្វើការរកសុី ឫ វិនិយោគនៅក្នុងប្រទេសខ្លួន។
ថៃ ជាប្រទេសមួយ នៅតំបន់អាសុីអាគ្នេយ៍ ដែលគេស្គាល់ថាជាទីតាំងល្អមួយ សម្រាប់ការវិនិយោគ ការចាប់ផ្តើមអាជីកម្មខ្នាតតូច និង សម្រាប់អ្នកមានៗមករស់នៅ ពេលចូលនិវត្តន៍ពីការងារជាដើម។ ប៉ុន្តែប្រទេសនេះ នៅមិនទាន់មានច្បាប់ សម្រាប់ឱ្យជនបរទេស អាចមានសិទ្ធទិញដីឫផ្ទះ កាន់កាប់ជាកម្មសិទ្ធផ្ទាល់ខ្លួននៅឡើយ៕ Source: Sabay


