បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបញ្ហាផ្ទាល់ខ្លួនច្រើនពេកក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី។ លោកបានទទូចថា វាជាអឺរ៉ុបដែលគួរតែផ្តល់ជំនួយបន្ថែមទៀតដល់ក្រុងគៀវ ដោយសារវារងឥទ្ធិពលខ្លាំងពីស្ថានការណ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅឯកិច្ចប្រជុំកំពូលសកម្មភាពនិស្សិតនៅទីក្រុង Tampa រដ្ឋ Florida កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានរំលឹកពីរបៀបដែលលោកបានជំរុញឱ្យសមាជិកណាតូនៅក្នុងសហភាពអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ២ភាគរយនៃ GDP របស់ពួកគេក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។
លោកបាននិយាយថា កាលពីអតីតកាល សហរដ្ឋអាមេរិកត្រូវបាន “ទាញយកផលប្រយោជន៍ពីអឺរ៉ុប” ហើយឥឡូវនេះរឿងដដែលនេះកំពុងកើតឡើងម្តងទៀតលើអ៊ុយក្រែន។
លោកបានបន្តថា «រហូតមកដល់ពេលនេះ យើងបានផ្តល់ប្រាក់ជាង ៦០ ពាន់លានដុល្លារដល់អ៊ុយក្រែន។ ជាការប្រសើរណាស់ បណ្តាប្រទេសអ៊ឺរ៉ុប ដែលជាក់ស្តែងរងផលប៉ះពាល់ខ្លាំងជាងយើង បានផ្តល់ប្រភាគតូចមួយនៃចំនួននោះ” ។
លោក ដូណាល់ ត្រាំ បានអះអាងថា ប្រសិនបើលោកនៅតែកាន់តំណែង នោះលោក “អាចទៅទីនោះ [ទៅអឺរ៉ុប] ហើយនិយាយថា ‘ស្តាប់ អ្នកនឹងដាក់ប្រាក់ដូចគ្នា ឬលុយច្រើនជាងយើង ហើយពួកគេនឹងធ្វើវាដោយរីករាយ៕ប្រែសម្រួលៈ ណៃ តុលា