គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ មន្ត្រីអ៊ុយក្រែន បានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងរៀបចំចាប់ផ្តើមការ នាំចេញ គ្រាប់ធញ្ញជាតិ តាមរយៈកំពង់ផែសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ ក្រោមកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិ ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍ មុននៅទីក្រុងរបស់តួកគី ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលផ្សាយនៅលើទំព័រ Facebook របស់ក្រសួងហេដ្ឋា រចនាសម្ព័ន្ធអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនា សម្ព័ន្ធលោក Oleksandr Kubrakov បានលើកឡើងថា ចលនាកប៉ាល់ពីកំពង់ផែសមុទ្រខ្មៅ នឹងត្រូវចាប់ផ្តើមនៅចុង សប្តាហ៍បច្ចុប្បន្ននេះ ។
លោក Kubrakov បានលើកឡើងថា ដំណើរការដោះមីន នឹងត្រូវបានអនុវត្តទាំងស្រុង នៅក្នុងច្រករបៀងសម្រាប់ការឆ្លងកាត់ នៃកប៉ាល់ដឹកទំនិញ ហើយនាវាទាំងអស់នឹងត្រូវបានអម ដោយនាវាជួយសង្គ្រោះអ៊ុយក្រែន ។
អនុរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនា សម្ព័ន្ធអ៊ុយក្រែន Yurii Vaskov ដែលបានចូលរួមក្នុងការ សង្ខេបនេះផងដែរ បានលើកឡើងថា ការចែកចាយគ្រាប់ធញ្ញជាតិដំបូង នឹងត្រូវបានធ្វើឡើងពីកំពង់ផែ Chornomorsk ។
លោក Vaskov បានបញ្ជាក់ថា “យើងរំពឹងថា ការដឹកជញ្ជូនដំបូង នឹងត្រូវបានធ្វើឡើងនៅសប្តាហ៍នេះ” ។
លោក Vaskov បានឲ្យដឹងទៀតថា ក្នុងរយៈពេល២សប្តាហ៍ អ៊ុយក្រែនក៏មានគម្រោងចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមរយៈកំពង់ផែ Odesa និង Pivdenny ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា