បរទេស៖ កាសែតអាល្លឺម៉ង់ Der Spiegel កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការចេញផ្សាយថា មកដល់ពេលនេះ សមាជិកអង្គការណាតូ និងណាតូផ្ទាល់ កំពុងជួបបញ្ហាលំបាក ក្នុងការប្រឹងប្រែងផ្គត់ផ្គង់ ឯកសណ្ឋានយោធា សម្រាប់រដូវរងារជូនយោធា របស់ប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថា កន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការអំពាវនាវ ដើម្បីស្នើសុំឧបករណ៍ចាំបាច់ៗ ដែលត្រូវប្រើប្រាស់នៅក្នុងរដូវរងារ ដែលមានទាំងឈុតឯកសណ្ឋានក្រាស់ៗផងដែរ ហើយការស្នើសុំនេះ ត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន តាំងតែពីខែកក្កដាកន្លងមកម្ល៉េះ។
មកដល់ពេលនេះ សមាជិករបស់អង្គការណាតូជាច្រើនប្រទេស បានបញ្ជាក់ថាពួកគេកំពុងស្វែងរកស្តុក ដែលនៅសេសសល់ក្នុងឃ្លាំងអាវុធរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អ៊ុយក្រែន ប៉ុន្តែមកដល់ពេលនេះ មានប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជាអាមេរិកកាណាដាស៊ុយអែត និងហ្វាំងឡង់ដែលបានសន្យាផ្គត់ផ្គង់ តំរូវការទាំងអស់របស់អ៊ុយក្រែន បាន៥០ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី
