ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារមកលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង អាឡេប៉ូ (Aleppo) ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីដែលបណ្តាលឱ្យទីនោះលែងដំណើរការ ។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រលានយន្តហោះស៊ីរីបានបន្តប្រតិបត្តិការបន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអ៊ែល ។
កងទ័ពបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលចេញពីលើសមុទ្រមេឌីទែរ៉ាណេ សំដៅទៅលើអាកាសយានដ្ឋាន និងបណ្តាលឱ្យខូចខាតផ្លូវរត់ ។
កងការពារដែនអាកាសស៊ីរី បានឆ្លើយតបនឹងការវាយប្រហារដោយបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ ។
សាក្សីនៅក្នុងទីក្រុងឆ្នេរសមុទ្រ Latakia បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា មីស៊ីលចំនួន៥គ្រាប់ត្រូវបានគេប្រទះឃើញបានមកពីការបាញ់ចេញពីលើសមុទ្រមេឌីទែរ៉ាណេ ។
ព្រលានយន្តហោះក្នុងក្រុងអាឡេប៉ូ ត្រូវបានអ៊ីស្រាអ៊ែល វាយប្រហារតាមអាកាសជាច្រើនដង ។ ចុងក្រោយគឺនៅថ្ងៃទី៣១ ខែសីហា ដែលបានធ្វើឱ្យខូចផ្លូវរត់ផងដែរ ហើយបានដំណើរការវារហូតដល់ថ្ងៃទី៣ ខែកញ្ញា ។
កាលពីថ្ងៃទី១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បានព្រមានថា អ៊ីស្រាអ៊ែល កំពុងប្រលែងជាមួយភ្លើង ហើយនៅទីបំផុតនឹងចំណាយសម្រាប់ការវាយប្រហារម្តងហើយម្តងទៀតមកលើស៊ីរី ។
លោក Mekdad បានលើកឡើងនៅលើគណនី Twitter ផ្លូវការរបស់ក្រសួងការបរទេសថា “ស៊ីរីនឹងមិននៅស្ងៀមចំពោះការវាយប្រហាររបស់អ៊ីស្រាអ៊ែលដដែលៗនេះ ហើយអ៊ីស្រាអ៊ែលនឹងបង់ថ្លៃឲ្យខូចខាតនៅពេលឆាប់ៗនេះ” ។
លោកក៏បានស្តីបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនចំពោះការលើកទឹកចិត្តអ៊ីស្រាអ៊ែល ឱ្យបន្តការឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងមានករណីលើសពីនេះទៀត ។
គួររំលឹកថា កាលពីខែមិថុនា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល បានធ្វើឲ្យព្រលានយន្តហោះនៃរដ្ឋធានី ដាម៉ាស់ របស់ប្រទេសស៊ីរីត្រូវបានផ្អាកដំណើរការអស់រយៈពេល២សប្តាហ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា