បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដែនដី របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាមកដល់ពេលនេះជនភៀសខ្លួន ដោយសារតែជម្លោះធ្ងន់ធ្ងររវាងអ៊ុយក្រែន ជាពិសេសគិតត្រឹមតំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូងប៉ុណ្ណោះមានការកើនឡើង ទៅដល់៧៣០០០នាក់មកហើយ។
ក្រសួងដដែលបានបញ្ជាក់ទៀតថា ជាពិសេសក្នុងរយៈពេលមួយខែចុងក្រោយនេះ នៅក្នុងតំបន់ភាគខាងកើត Donetsk ពលរដ្ឋស៊ីវិល ដែលបានធ្វើការភៀសខ្លួនមានចំនួនដល់ទៅ១៦០០០នាក់ហើយក្រៅពីនោះ ប្រមាណជា៥០០០០នាក់បានភៀសខ្លួន ចេញពីតំបន់ដែលកាន់កាប់ដោយរុស្សីដូចជា Kherson និង Zaporizhzhia ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថាប្រទេសអ៊ុយក្រែន បានប្រកាសឲ្យមានការភៀសខ្លួន ជាកាតព្វកិច្ចចេញពីតំបន់ Donetsk តាំងតែពីដើមខែសីហាមកម្ល៉េះ ហើយយោងតាមការបញ្ជាក់ដោយលោកឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryan Vereshchuk បានអះអាងថាការភៀសខ្លួននឹងបន្តទៅតាមតំបន់សមរភូមិប្រយុទ្ធផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី

