ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង សម្ដែងការព្រួយ បារម្ភយ៉ាងខ្លាំង លើគោលលទ្ធិ នុយក្លេអ៊ែរ កូរ៉េខាងជើង

តូក្យូ ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីគោលលទ្ធិនុយក្លេអ៊ែរ ដែលប្រើជាលើកដំបូង របស់កូរ៉េខាងជើង ហើយបានព្រមានថា ការវាយប្រហារ នុយក្លេអ៊ែរ ណាមួយនឹងត្រូវបានឆ្លើយតប ជាមួយនឹង “ការឆ្លើយតបដ៏លើសលប់ ពីប្រទេសមួយនេះ” ។

នៅក្នុងសេចក្តីថ្លែង ការណ៍រួមមួយ បន្ទាប់ពីកិច្ចសន្ទនា ទ្វេភាគី ស្តីពីការទប់ស្កាត់បន្ថែម ដែលសំដៅ លើការប្រើប្រាស់ ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដើម្បីការពារសម្ព័ន្ធមិត្ត ប្រទេសទាំងពីរបានឲ្យដឹងថា ភាគីទាំងពីរ បានប្តេជ្ញាចិត្តប្រើប្រាស់ “គ្រប់មធ្យោបាយ ដែលមានទាំងអស់” រួមទាំងឧបករណ៍ការទូត យោធា និងសេដ្ឋកិច្ច ដើម្បី ប្រឆាំងការគំរាមកំហែង របស់កូរ៉េខាងជើង។

ភាគីទាំងពីរបានឲ្យដឹងថា ការសាកល្បង នុយក្លេអ៊ែរដោយកូរ៉េខាងជើង នឹងនាំមកនូវ “ការឆ្លើយតបដ៏រឹងមាំ និងតាំងចិត្តរបស់រដ្ឋាភិបាលទាំងមូល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

កិច្ចប្រជុំដែលចូលរួម ដោយមន្ត្រីជាន់ខ្ពស់ បានធ្វើឡើងចំពេល មានសញ្ញាថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ត នុយក្លេអ៊ែរ លើកដំបូង របស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសនេះ បានអនុម័តច្បាប់មួយ កាលពីដើមខែនេះ ដែលអនុញ្ញាតឱ្យចាប់ផ្តើមការ វាយប្រហារ នុយក្លេអ៊ែរជាមុន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង “សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង របស់ពួកគេ ចំពោះការកើនឡើង និងអស្ថិរភាព នៃសារ របស់កូរ៉េខាងជើង ដែលទាក់ទងនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ រួមទាំងការអនុម័តច្បាប់ គោលនយោបាយ នុយក្លេអ៊ែរថ្មីរបស់ខ្លួន”។

សហរដ្ឋអាមេរិក បានប្តេជ្ញាពង្រឹងការសម្រប សម្រួលជាមួយកូរ៉េខាងត្បូង ដើម្បីបន្តដាក់ពង្រាយ និងអនុវត្តទ្រព្យសម្បត្តិ យុទ្ធសាស្ត្រនៅក្នុងតំបន់ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព” ។

ប្រទេសទាំងពីរក៏បាន គូសបញ្ជាក់ពីការហ្វឹកហ្វឺនរួម បញ្ចូលគ្នា សម្រាប់យន្តហោះចម្បាំង F-35 នៅក្នុងខែកក្កដា និងការដាក់ពង្រាយ នាពេលខាងមុខ នៃនាវាផ្ទុកយន្តហោះ អាមេរិក Ronald Reagan នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថាជា “ការបង្ហាញយ៉ាងច្បាស់នៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top