គូឡាឡាំពួរ៖ ក្រុមប៉ូលីសបានឃាត់ខ្លួនបុគ្គលចំនួន ៥ នាក់ ដែលត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការឆបោក ដោយប្រើឯកសារ Android Package Kit (APK) យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។
លេខាធិការប៉ូលីស Royal Malaysia លោកស្រី Datuk Noorsiah Mohd Saaduddin បាននិយាយថា បុរស ៣ នាក់ និងស្ត្រី ២ នាក់មានអាយុចន្លោះពី ១៧ ទៅ ២១ ឆ្នាំត្រូវបានឃុំខ្លួន បន្ទាប់ពីប្រតិបត្តិការ និងវាយឆ្មក់នៅទីក្រុង Kuala Lumpur កាលពីថ្ងៃទី ២៤ ខែសីហា។ លោកស្រី Noorsiah បានបន្តថា ការស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យបានបង្កើត និងប្រើប្រាស់ទម្រង់ក្លែងក្លាយនៅលើវេទិកា ជជែកអនឡាញដ៏ពេញនិយម បន្ទាប់មកពួកគេនឹងទាក់ទាញ ជនរងគ្រោះដោយបង្ហាញពួកគេ នូវរូបថត និងវីដេអូអាចចូលប្រើបានតាមរយៈកម្មវិធីមួយផ្សេងទៀត ដែលពួកគេនឹងផ្ញើក្នុងទម្រង់ជាឯកសារ APK។
ជនរងគ្រោះក៏តម្រូវឲ្យទិញសញ្ញាសម្ងាត់មុន ពេលចូលប្រើកម្មវិធី។ កម្មវិធីដែលបានដំឡើងដោយជោគជ័យ នឹងនាំឲ្យមូលនិធិត្រូវបានផ្ទេរពីគណនីរបស់ជនរងគ្រោះ។ លោកស្រីបន្តទៀតថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេត តាមមាត្រា ៤២០/៥១១ នៃក្រមព្រហ្មទណ្ឌ។
លោកស្រីបានបន្ថែមថា ទំនាក់ទំនងរវាងក្រុមហ៊ុននេះ និងករណីក្លែងបន្លំផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។ ជាវិធានការបង្ការ យើងណែនាំសាធារណៈជន កុំឲ្យទាញយក ឬដំឡើងឯកសារ APK ណាមួយដែលបានផ្ញើទៅកាន់ស្មាតហ្វូន របស់អ្នកដោយបុគ្គលដែលមិនស្គាល់៕ ដោយ៖លី ភីលីព