វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានឃើញការចង្អុលបង្ហាញណាមួយ ដែលថារុស្ស៊ី កំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាបន្ទាន់នោះទេ បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានព្រមានពីហានិភ័យ ដែលអាចកើតមាននៃសង្គ្រាមលោក នៅពេលដែលទីក្រុងម៉ូស្គូ បន្តការវាយលុកអាវុធនុយក្លេអ៊ែរ ចំពេលមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
នៅពេលសួរថាតើការស៊ើបការណ៍សម្ងាត់ថ្មី បានជំរុញឱ្យប្រធានាធិបតី ផ្តល់ការព្រមានខ្លាំង ឬយ៉ាងណានោះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា “ទេ” មិនមាននោះទេ។
លោកស្រីបានលើកឡើងថា “ប្រធានាធិបតី កំពុងនិយាយអំពីការព្រួយបារម្ភអំពី (ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន) ការគំរាមកំហែងរបស់លោក ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ” ។
លោក Vedant Patel អ្នកនាំពាក្យរងសំខាន់នៃក្រសួងការបរទេសក៏បានលើកឡើងថា សហរដ្ឋអាមេរិក មិនបានឃើញហេតុផលណាមួយ ដើម្បីកែសម្រួលឥរិយាបថនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួននោះទេ ខណៈពេលដែលខ្លួននៅតែបន្តតាមដានស្ថានការណ៍ “យ៉ាងប្រុងប្រយ័ត្នបំផុត”។
លោក បៃដិន បានធ្វើការព្រមានយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលកម្មវិធីរៃអង្គាសថវិការបស់គណបក្ស ប្រជាធិបតេយ្យនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកប្រធានាធិបតីបានលើកឡើងថា “ជាលើកដំបូងចាប់តាំងពីវិបត្តិមីស៊ីលគុយបា យើងមានការគំរាមកំហែងដោយផ្ទាល់ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើតាមពិតទៅ អ្វីៗនៅតែបន្តដើរតាមគន្លង ដែលពួកគេនឹងទៅ” ប្រធានាធិបតីបាននិយាយដោយសំដៅដល់ការប្រឈមមុខដាក់គ្នាក្នុងឆ្នាំ១៩៦២ ដែលជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពសូវៀតនាពេលនោះឈានដល់គែមនៃសង្រ្គាមនុយក្លេអ៊ែរ។
លោកក៏បានលើកឡើងផងដែរថា ពិភពលោកមិនបានប្រឈមមុខនឹងការរំពឹងទុកនៃសង្គ្រាមលោក ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ហើយបានកត់សម្គាល់ថា លោក ពូទីន មិននិយាយលេងនោះទេ នៅពេលដែលលោកនិយាយអំពីការប្រើប្រាស់សក្តានុពលនៃអាវុធយុទ្ធសាស្ត្រ និងនុយក្លេអ៊ែរ ឬអាវុធជីវសាស្ត្រ ឬគីមី ដោយសារតែយោធារបស់លោក អ្នកអាចនិយាយបានថា ដំណើរការខ្សោយខ្លាំងណាស់បច្ចុប្បន្ននេះ”៕