ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ចំនួនសត្វព្រៃ នៅលើពិភពលោក បានធ្លាក់ចុះជាង២/៣ ចាប់តាំងពីឆ្នាំ១៩៧០ ដោយសារ ព្រៃឈើ ត្រូវបានកាប់ឆ្ការ និង ទឹកសមុទ្របំពុល នេះបើយោងតាមការវាយតម្លៃ ដែលចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍នេះ ។
លោក Andrew Terry នាយកផ្នែកអភិរក្ស និងគោលនយោបាយ នៅសមាគមសត្វវិទ្យា នៃទីក្រុងឡុងដ៍ (ZSL) បានលើកឡើងថា “ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ… ផ្អែកតាមរបាយការណ៍ របស់មូលនិធិសត្វព្រៃពិភពលោក ហៅកាត់ (WWF) ដែលបានប្រើប្រាស់ ទិន្នន័យឆ្នាំ២០១៨ពី ZSL លើស្ថានភាពនៃចំនួនសត្វព្រៃ ចំនួន៣២.០០០ក្បាលដែលគ្របដណ្តប់ជាង៥.០០០ប្រភេទ បានរកឃើញថា ទំហំនៃបរិមាណសត្វទាំងនោះ បានធ្លាក់ចុះដោយគិតជាមធ្យម ៦៩ភាគរយ ។ ការកាប់បំផ្លាញព្រៃឈើ ការកេងប្រវ័ញ្ច របស់មនុស្ស ការបំពុល និងការប្រែប្រួលអាកាសធាតុ គឺជាកត្តាជំរុញឲ្យថយចុះដ៏ធំបំផុតនៃការបាត់បង់សត្វព្រៃទាំងនោះ ។
ចំនួនសត្វព្រៃនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន បានទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយបានជួបប្រទះការធ្លាក់ចុះ រហូតដល់៩៤ភាគរយ ក្នុងរយៈពេលត្រឹមតែ៥ទសវត្សរ៍ប៉ុណ្ណោះ ។ របាយការណ៍បានដាក់ថា ចំនួនសត្វផ្សោតទន្លេពណ៌ផ្កាឈូក ១ប្រភេទនៅតំបន់អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះចំនួន៦៥ភាគរយ នៅចន្លោះ ឆ្នាំ១៩៩៤ និង២០១៦ ។
លោក Terry បានលើកឡើងថា ការរកឃើញរបស់អង្គភាពខាងលើមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយតម្លៃចុងក្រោយរបស់ WWF ក្នុងឆ្នាំ២០២០ ដោយទំហំចំនួនសត្វព្រៃ បន្តធ្លាក់ចុះក្នុងអត្រាប្រហែល២,៥ភាគរយក្នុង១ឆ្នាំ ។
លោក Mark Wright នាយកផ្នែកវិទ្យាសាស្ត្រនៅ WWF-UK បានលើកឡើងថា “ធម្មជាតិស្ថិតក្នុងភាពលំបាក ហើយវានៅតែស្ថិតក្នុងភាព លំបាកនៅឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា