ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រូវបាន​ជំរុញ ​ឱ្យ​ជ្រើសរើស​ភាគី ​ក្នុង​ជម្លោះ​អ៊ុយក្រែន

យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល គួរតែចាប់ផ្តើមផ្គត់ផ្គង់ ជំនួយយោធាដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីក្រសួង កិច្ចការជនភៀសខ្លួន Nachman Shai បានប្រកាសនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ ដោយអះអាងថា អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានផ្ទេរមីស៊ីល ផ្លោងទៅឱ្យរុស្ស៊ី។

អ្នក​នយោបាយ​រូប​នេះ ​បាន​សរសេរ​លើបណ្ដាញ Twitter ឲ្យដឹងថា “លែង​មាន​ការ​សង្ស័យ​ទៀត ​ហើយ​ថា​តើ​អ៊ីស្រាអែល ​គួរ​ឈរ​នៅ​កន្លែង​ណា​ក្នុង​ជម្លោះ​បង្ហូរ​ឈាម​នេះ ។ ដល់​ពេល​ហើយ​សម្រាប់​អ៊ុយក្រែន ​ក្នុង​ការ​ទទួល​បាន​ជំនួយ​យោធា ​ដូច​ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ណាតូ​ផ្តល់”។

អ៊ីស្រាអែល​បាន​ នឹង​កំពុង​ផ្គត់ផ្គង់​អ៊ុយក្រែន ​រួច​ហើយ​នូវ​ជំនួយ​មិន​សម្លាប់​មនុស្ស រួម​ទាំង​ឧបករណ៍​យោធា និង​ប្រព័ន្ធ​ការពារ​មីស៊ីល ​ដែល​ផ្គត់ផ្គង់​តាម​រយៈ​វិស័យ​ឯកជន ។

ការ​អះអាង​ថា​អ៊ីរ៉ង់ កំពុង​ផ្គត់ផ្គង់​មីស៊ីល​បាលីស្ទីក​ដល់​រុស្ស៊ី​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​របាយការណ៍​ របស់​កាសែត Washington Post កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ “មន្ត្រី​មក​ពី​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក ដែល​តាមដាន​សកម្មភាព ​អាវុធ​របស់​អ៊ីរ៉ង់​យ៉ាង​ដិតដល់” ។

មន្ត្រីដដែលនេះ បើយោងតាម ​​WaPo បានអះអាងកាលពីខែសីហាថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់ យន្តហោះដ្រូនស៊េរី Shahed និង Mohajer-6 ដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រាប់ភ្នាក់ងារ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ នឹងបញ្ជូនយន្តហោះ Mohajer-6 ជាច្រើនគ្រឿង និងយន្តហោះចម្បាំង ជាច្រើនគ្រឿងទៀត ដែលចំនួនធំជាប្រភេទ Shahed-136s ។

អ៊ីរ៉ង់​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ផ្គត់ផ្គង់​សព្វាវុធ ​ដល់​ភាគី​ណា​មួយ​ឡើយ ដោយ​លើក​ហេតុផល​ថា “ការ​បំពាក់​អាវុធ​ពី​ភាគី​នីមួយៗ​នៃ​វិបត្តិ​នឹង​អូសបន្លាយ​សង្គ្រាម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន RT។

អ្នកនាំពាក្យក្រសួងការបរទេស លោក Nasser Kan’ani បានច្រានចោល “របាយការណ៍អំពីការបញ្ជូនយន្តហោះដ្រូន ទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុង សង្គ្រាមអ៊ុយក្រែន” ជាការចោទប្រកាន់គ្មានមូលដ្ឋាន” នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីដើមខែនេះ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការអះអាងនេះថា “ក្លែងក្លាយ” ។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិក លោក John Kirby បានសារភាពកាលពីខែសីហាថា ទីក្រុងវ៉ាស៊ីនតោន មិនមានភ័ស្តុតាងថា ក្រសួងការពារជាតិរុស្ស៊ី ពិតជាបានទិញយន្តហោះដ្រូន របស់អ៊ីរ៉ង់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នៅតែទទូចថា ភាគច្រើននៃយន្តហោះដ្រូនដែលរុស្ស៊ី បានប្រើប្រាស់ក្នុងសមរភូមិ នាពេលថ្មីៗនេះ គឺមកពីប្រទេសអ៊ីរ៉ង់។ ប្រទេសនេះបានដកហូតលិខិតបញ្ជាក់ អត្តសញ្ញាណរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងគៀវ កាលពីខែមុន បន្ទាប់ពីយន្តហោះដ្រូនរុស្ស៊ីជាច្រើនគ្រឿង ត្រូវបានគេរកឃើញថា ស្រដៀងនឹងគំរូរបស់អ៊ីរ៉ង់ ៕

Most Popular

To Top