ព័ត៌មានអន្តរជាតិ

ខ្មែរ​ធ្វើ​បាន! មាន​ស្ត្រី​​ខ្មែរ​ ២នាក់ កំពុង​បម្រើការ​ឲ្យ​អង្គការ​អវកាស NASA ដ៏​ល្បី​របស់​អាមេរិក

អង្គការ​ NASA គឺ​ជា​អង្គភាព​ស្រាវជ្រាវ​អវកាស​ដ៏​ល្បី ​របស់​សហរដ្ឋអាមេរិក ដែល​ប្រមូល​ផ្ដុំ​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា និង​អវកាស​ជា​ច្រើន។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​បំផុត ​ដែល​ទើប​នឹង​លេច​ឡើង​ថ្មីៗ​នេះ គឺ​មាន​ជន​ជាតិ​ខ្មែរ​២នាក់ ក្នុង​ស្ថិត​ក្នុង​ចំណោម​ក្រុម​ការងារ​របស់ NASA ដែរ។

ជនជាតិ​ខ្មែរ​ទាំង​ពីរ​រូប​នោះ សុទ្ធ​ជា​នារី ដែល​អ្នក​ទី​១ គឺអ្នកស្រី Ny Sou Okon។ ស្ត្រី​ដើមកំណើត​ខ្មែរ​ ដែលបាន​មកដល់​សហរដ្ឋអាមេរិក​ នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ក្នុងនាម​ជា​ជន​ភៀសខ្លួន ជាមួយ​ឪពុកម្ដាយ​ និង​បងៗ​ ២ ​នាក់ទៀត បន្ទាប់ពី​ក្រុមគ្រួសារ ​​បាន​រត់គេច​ពី​របប​ខ្មែរក្រហម​។

អ្នកស្រី​គឺជា​បុគ្គលិក​ម្នាក់​នៃ​អង្គការ​ណាសា​ ដែល​បានរួម​ចំណែក​ក្នុង​ដំណើរការ​ យានអវកាស Perseverance ឆ្ពោះ​ទៅ​ភពអង្គារ​ កាលពី​ចុងខែ​កក្កដា ឆ្នាំ ២០២២។ ​អ្នកស្រី​បាន​បញ្ចប់​បរិញ្ញាបត្រ ​ផ្នែក​វិស្វកម្ម​មេកានិច​ ពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ាឡូសអែនជឺឡេស (UCLA) និង​បានបញ្ចប់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ ផ្នែក​វិស្វកម្ម​យានអវកាស​ពី​សាកលវិទ្យាល័យ University of Southern California​។

អ្នកស្រី Khanara Tauch Ellers

អ្នក​ស្រី បាន​ធ្វើការ​ជា​អ្នក​ហាត់ការ​នៅ​ក្រុមហ៊ុន Boeing នៅកំឡុងពេល​​ជា​និស្សិត​បរិញ្ញាបត្រ​។ Ny Sou Okon មាន​ប្រវត្តិ​ការងារ​ក្នុង​ឧស្សាហកម្ម​ឯកជន​ នៅក្នុង​ជំនាញ​ផ្នែក​លម្ហ​អាកាស​។ បន្ទាប់ពី​បាន​ធ្វើ​ការងារ​អស់​រយៈពេល​ ១៥ ​ឆ្នាំ​ក្នុង​វិស័យ​ឯកជន អ្នកស្រី​​ចង់​ធ្វើការងារ ​នៅក្នុង​បេសកកម្ម​រុករក ​ក្នុង​លម្ហ​អាកាស​ដ៏អស្ចារ្យ​​ នៅ​មន្ទីរពិសោធន៍ NASA Jet Pro-pulsion Laboratory (JPL) ក្នុងនាមជា​​វិស្វករ​ផ្នែក​ប្រព័ន្ធ (Systems Engineer) ក្នុងដំណើរស្រាវជ្រាវ​​ភពអង្គារ​។

ឪពុកម្ដាយអ្នកស្រីតែងតែនិយាយប្រាប់អ្នកស្រី​ថា ​កម្ពុជា​គឺជា​ប្រទេស​ដ៏ស្រស់ស្អាត ហើយ​ប្រជាពលរដ្ឋ​មាន​ចិត្ត​ល្អ​ណាស់​។ ​អ្នកស្រី​សង្ឃឹម​ថា រឿងរ៉ាវរបស់អ្នកស្រី ​ និង​ជួយ​ជំរុញ​ទឹកចិត្ត​ ឱ្យ​យុវជនកម្ពុជា​​ស្វះ​ស្វែងរក​ការងារ ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា(STEM)​ ហើយតាំង​ចិត្ត​ឱ្យ​ល្អ និងមានក្ដីស្រមៃឱ្យធំ។

ស្រី្ត​ខ្មែរ​ទី២ មក​ពីបាត់ដំបង គឺ Khanara Tauch Ellers អាយុជាង ៥០​ឆ្នាំ វិស្វករ Engineer NASA’s Jet Propulsion Laboratory ពីកុមារភាព អ្នកស្រីបានឃើញ​រូបភាព អវកាសយានិកអាប៉ូឡូ ព្រះច័ន្ទដើរលើទូរទស្សន៍សខ្មៅ ដែលឪពុកម្តាយ និងពូអ្នកស្រីចូលលុយគ្នាទិញ។ អ្នកស្រី​ក៏​នឹក​ចង់ភ្លាមៗ​ថា ធំឡើង​នឹង​ធ្វើការ​ក្នុង​កម្មវិធីអវកាស។

ឪពុកអ្នកស្រី ជា​​សាស្ត្រាចារ្យ​គណិតវិទ្យា ហើយ​ម្តាយ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ។ ពួកគាត់​ចង់​ឱ្យ​អ្នកស្រី​ក្លាយជា​ផ្នែកមួយ​នៃ​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ។ រត់ភៀស​ខ្លួនពីរបបខ្មែរក្រហម ទៅ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ភាសាអង់គ្លេស គឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់អ្នកស្រី​ ក្នុងការជម្នះដើម្បីសម្រេច​ក្តីសុបិន។ ដំបូងអ្នក​ស្រី បាន​​ចូល​រៀន​ថ្នាក់​អប់រំ​ មនុស្ស​ពេញ​វ័យ​នៅ​ពេល​ល្ងាច បន្ទាប់​ពី​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ។

អ្នកស្រីបានចាប់ផ្តើម​ រៀនបរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកវិស្វកម្មមេកានិក (Bachelor of Science in Mechanical Engineering) នៅ​សាកលវិទ្យាល័យរដ្ឋ​ពហុជំនាញ California State Polytechnic, Pomona, California ហើយបានទទួលបរិញ្ញាបត្រនេះក្នុងឆ្នាំ 1988។ ជាម្ដាយគេផង ជា​វិស្វករពេញម៉ោ អ្នកស្រីបានជម្នះ​ធ្វើការងារ​គម្រោង​អវកាស​ជាច្រើន រួមតាំង​គម្រោង​ រ៉ាដា-C (SIR-C) ដែលការ​ហោះហើរលើកទីពីរ​ បានរកឃើញប្រាសាទ ដែលបាក់បែកនៅអង្គរក្នុងប្រទេសកម្ពុជា ដែលជា​ប្រទេស​កំណើតរបស់អ្នកស្រី។

រូបភាពទីអវកាសដែលអ្នកស្រី​ចូលចិត្តបំផុត គឺជារូបភាពបំបែកដែលបង្ហាញទាំងអវកាសយានិក Apollo 11 Buzz Aldrin នៅលើឋានព្រះច័ន្ទ និង Mars 2020 Perseverance rover ព្រោះវាតំណាងឱ្យផ្លូវអាជីពរបស់អ្នកស្រី​យ៉ាងល្អឥតខ្ចោះ។ អវកាស​​គឺធំទូលាយ ហើយអ្នកស្រីមានមោទកភា​ព​ដែលខ្លួន​ ជាផ្នែកមួយតូច​នៃលម្ហ​ចក្កវាឡនេះ។

អ្នកស្រីបានលើកទឹកចិត្ត​អ្នកទាំងអស់គ្នា​ថា “ចូរផ្តោតអារម្មណ៍ និងប្រឹងប្រែងឆ្ពោះទៅរកក្តីសុបិនរបស់អ្នក! កុំអនុញ្ញាតឱ្យឧបសគ្គតាមផ្លូវ​ធ្វើ​ឱ្យ​ការ​ផ្ចង់អារម្មណ៍របស់អ្នកស្រពេចស្រពិល”៕ Source: Sabay

Most Popular

To Top