ឥណ្ឌូនេស៊ី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារលើកោះជ្វា (Java) របស់ប្រទេសឥណ្ឌូណេស៊ី នៅដើមសប្តាហ៍នេះបានកើនឡើងដល់៣១០នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបន្ថែមទៀតស្ថិតនៅក្រោមការបាក់ដី ។ មនុស្សយ៉ាងតិច២៤នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ។
នៅក្នុងទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងលិចកោះជ្វា អ្នកស្រុកបានប្រមូលផ្តុំគ្នានៅជិតវិហារអ៊ីស្លាមដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់ការអធិស្ឋានកាលពីថ្ងៃសុក្រ ។ អ្នកផ្សេងទៀតបានធ្វើការអធិស្ឋានរួមជាមួយនឹងអ្នកជួយសង្គ្រោះនៅក្នុងតង់នៅមជ្ឈមណ្ឌលជម្លៀសខ្លួន ។
លោក Henri Alfiandi ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ បានឲ្យដឹងថា សាកសពត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ នៅក្នុងតំបន់ភ្នំចំនួន២នៃស្រុក Cianjur ជាកន្លែងដែលគ្រោះបាក់ដីដែលបង្កឡើងដោយការរញ្ជួយដីកាលពីថ្ងៃចន្ទ បាននាំមកនូវល្បាប់ភក់ ថ្ម និងដើមឈើជាច្រើនដែលបាក់ធ្លាក់ ។
អ្នកជួយសង្គ្រោះជាង១.៤០០នាក់បាន នឹងកំពុងស្វែងរកតាមគំនរបាក់បែកចាប់តាំងពីការរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ ដែលបានធ្វើឱ្យមនុស្សជាង២.០០០នាក់រងរបួស ។
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Suharyanto ដែលប្រើឈ្មោះតែមួយ បានបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះនឹងបន្តស្វែងរករហូតដល់ការចាប់ផ្តើមសាងសង់ឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា