បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អង្គការណាតូ បានប្រកាសសន្យា ក្នុងការផ្តល់និងផ្គត់ផ្គង់អាវុធ ជាច្រើនបន្ថែមទៀត ទៅឲ្យប្រទេស អ៊ុយក្រែន និងក៏ដូចជាជំនួយ ក្នុងការជួយជួសជុល ទៅដល់ ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធផ្គត់ផ្គង់ ថាមពលរបស់ប្រទេសផងដែរ ដែលកន្លងមកបានរងការខូចខាត ដោយសារការវាយប្រហារ ពីសំណាក់មីស៊ីលនិងដ្រូន របស់រុស្សី។
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង Bucharest អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងមូស្គូបាន ព្យាយាមក្នុងការប្រើប្រាស់ ពេលវេលានៅរដូវរងារទៅជាអាវុធ ក្នុងការធ្វើសង្គ្រាម ប្រឆាំងទៅនឹងប្រទេស អ៊ុយក្រែន។
ការវាយប្រហារជាច្រើនដង ចុងក្រោយដោយប្រទេសរុស្សី បានធ្វើឲ្យពលរដ្ឋ ជាច្រើនលាននាក់ ក្នុងប្រទេសអ៊ុយក្រែន កំពុងបន្តរស់នៅដោយមិន មានអគ្គិសនីប្រើប្រាស់ និង ទឹកប្រើប្រាស់ឡើយ ក្នុងគ្រាដែលអាកាសធាតុ ចាប់ផ្តើមចុះត្រជាក់បន្តិចម្តងៗ ។
គួរឲ្យដឹងដែរថា ប្រទេសអ៊ុយក្រែន ជាច្រើនខែមកហើយ ដែលបានព្យាយាមក្នុងការស្នើសុំជំនួយ ពីអង្គការណាតូដើម្បីបន្ថែម អាវុធទំនើបៗ សម្រាប់ប្រព័ន្ធការពារ របស់ប្រទេសជាពិសេស ប្រព័ន្ធការពារដែនអាកាស ៕
ប្រែសម្រួល៖ស៊ុនលី