ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី៖ ក្នុងមួយសប្ដាហ៍ រុស្ស៊ី បាញ់ផ្លោង ២៥៨ដង លើទីតាំងទីលំនៅចំនួន ៣០នៅតំបន់ Kherson

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា ពេលយប់របស់លោកកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ី បានបាញ់ផ្លោងចំនួន ២៥៨ដង លើការតាំងទីលំនៅចំនួន ៣០ ផ្សេងៗគ្នានៅក្នុងតំបន់ Kherson ក្នុងសប្តាហ៍មុន។

ទីក្រុងមូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ចាប់តាំងពីកងទ័ពរបស់ខ្លួន បានដកផ្នែកខ្លះ ចេញពីផ្នែកខាងលិចរបស់ខ្លួនក្នុងខែនេះ។ យោធារុស្ស៊ីហាក់ដូចជាកំពុងផ្លាស់ប្តូរ ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់ភាគខាងកើតនៃតំបន់ Kherson ក្នុងការរៀបចំ សម្រាប់ការវាយលុក ដែលអាចកើតមានពីអ៊ុយក្រែន។

កាលពីថ្ងៃច័ន្ទ លោក ហ្សេឡិនស្គី បានលើកឡើងថា កងទ័ពរុស្ស៊ី “មានសមត្ថភាពគ្មានអ្វីក្រៅពីការបំផ្លិចបំផ្លាញ” ដោយបន្ថែមថា ប្រធានបទសំខាន់ នៃកិច្ចប្រជុំរបស់លោក ជាមួយសម្ព័ន្ធមិត្តបរទេសនៅមុនថ្ងៃនោះគឺ “ការទទួលខុសត្រូវរបស់រុស្ស៊ី ចំពោះសង្គ្រាម និងភេរវកម្ម”។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកថា “អ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ ប្រឆាំងនឹងអ៊ុយក្រែន គឺជាការប៉ុនប៉ងរបស់ពួកគេ ដើម្បីសងសឹក ចំពោះការពិតដែលថា ជនជាតិអ៊ុយក្រែន បានការពារខ្លួនពីពួកគេម្តងហើយម្តងទៀត” ។

យោងតាមរបាយការណ៍ពី The Kyiv Independent ក្រុមប្រឹក្សាក្រុង Kherson បានឲ្យដឹងថា អ្នកស្រុក ១៥នាក់ រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ នៅចន្លោះថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី២៥ ខែវិច្ឆិកា ពីការបាញ់ផ្លោងរបស់រុស្ស៊ី នៅក្នុងទីក្រុង។ ទីក្រុង Kherson ដែលជារាជធានី នៃតំបន់ត្រូវបានរំដោះនៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីបានធ្លាក់ចូលទៅក្នុង ការកាន់កាប់របស់រុស្ស៊ី នៅដើមខែមីនា៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top