បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិ បានឈានទៅដល់ការសម្រេចចិត្ត បិទដំណើរការហោះហើររបស់ខ្លួន បន្ទាប់ពីរងការវាយប្រហារតាមអាកាសមួយ ដោយអ៊ីស្រាអ៊ែល បណ្តាលឲ្យមានយោធាស្លាប់២នាក់ផងដែរ។
យន្តហោះរបស់អ៊ីស្រាអ៊ែល បានបើកការបាញ់ប្រហារសំដៅ ទៅលើទីតាំងអាកាសយានដ្ឋាន និងទីតាំងជុំវិញ នៅវេលាម៉ោងប្រមាណជា២ទៀបភ្លឺ ម៉ោងនៅក្នុងស្រុក និងបានធ្វើឲ្យខូចខាតទីតាំងអគារ ជាច្រើនកន្លែងផងដែរ។
មីស៊ីលជាច្រើនគ្រាប់ទៀតត្រូវបានគេដឹងដែរថា បានហោះចេញពីសមុទ្រ Galilee ដែលស្ថិតនៅក្នុងដែនដីរបស់អ៊ីស្រាអ៊ែល ចំងាយប្រមាណជា១០០គីឡូម៉ែត្រ ពីរដ្ឋាធានីក្រុងដាម៉ាស។
ទោះបីជាយ៉ាងណាក្តី នេះមិនមែនជាការវាយប្រហារលើកទីមួយ ដោយអ៊ីស្រាអ៊ែលនោះឡើយ ពីព្រោះថាការវាយប្រហារមកលើទឹកដីស៊ីរី បានធ្វើជាច្រើនដងមកហើយគិតចាប់តាំងតែពីសង្គ្រាមស៊ីវិល បានកើតឡើងនៅទីនេះ តាំងតែពីឆ្នាំ២០១១៕ ប្រែសម្រួល៖ស៊ុនលី