ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ថាខ្លួនបញ្ជូនមន្ត្រីរដ្ឋាភិបាល២៣រូប ទៅកាន់តុលាការ ក្រោយបើកការស៊ើបអង្កេត ជុំវិញករណីស្លាប់ មនុស្ស នៅក្នុងបុណ្យ Halloween

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា ប៉ូលិសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានបញ្ជូនមន្ត្រី រដ្ឋាភិបាលចំនួន២៣នាក់ ទៅកាន់អយ្យការ លើការធ្វេសប្រហែសក្នុងវិជ្ជាជីវៈ និងការចោទប្រកាន់ ផ្សេងទៀត បន្ទាប់ពីបញ្ចប់ការស៊ើប អង្កេតរយៈពេល៧៤ថ្ងៃ លើករណីធ្វើឲ្យក្រុមមនុស្សស្លាប់ ដែលបានកើតឡើង កាលពីចុងខែតុលា នៅក្នុងស្រុក Itaewon នៃទីក្រុងសេអ៊ូល ក្នុងអំឡុងពិធីបុណ្យ Halloween ។

ក្រុមស៊ើបអង្កេតពិសេស របស់ប៉ូលិស បានសន្និដ្ឋានថា ក្រុមអាជ្ញាធរ ពាក់ព័ន្ធ មិនបានចាត់វិធានការទប់ស្កាត់នឹង ឧប្បត្តិហេតុដែលអាចត្រូវបានគេព្យាករណ៍ មុនពេលព្រឹត្តិការណ៍ ដែលបានគ្រោងទុក ។

ក្រុមកម្លាំង 501 បានឲ្យដឹងថា អាជ្ញាធរមិនបានចាត់វិធានការសមស្របនោះទេ សូម្បីតែបន្ទាប់ពីទទួលបានការ ហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ជូនដំណឹងអំពីគ្រោះថ្នាក់ និងបន្ទាន់នៅកន្លែងកើតហេតុ ដោយបានឲ្យដឹងទៀតថា ការធ្វេសប្រហែសរបស់អាជ្ញាធរ គឺត្រូវស្តីបន្ទោសចំពោះអ្នកស្លាប់ និងអ្នករងរបួសជាច្រើននាក់ ។

មនុស្សសរុបចំនួន១៥៩នាក់ ភាគច្រើនជាស្ត្រីក្នុងវ័យ ២០ឆ្នាំ បានបាត់បង់ជីវិតដោយសារការប៉ះទង្គិច ក្រុមមនុស្សកាលពីថ្ងៃទី២៩ ខែតុលា នៅគ្រាដែលក្រុមមនុស្សដ៏ច្រើន កុះករបានប្រមូលផ្តុំគ្នា នៅផ្លូវតូចចង្អៀតមួយនៅស្រុក Itaewon ហើយបានដួលលើគ្នាទៅវិញទៅមក ។

គេបានដឹងថា មនុស្សជាង១០០.០០០នាក់បានប្រមូលផ្តុំគ្នា នៅក្នុងសង្កាត់កម្សាន្តពេលរាត្រី ដ៏ពេញនិយមសម្រាប់ពិធីបុណ្យ Halloween ដែលប្រារព្ធធ្វើឡើង នៅខាងក្រៅផ្ទះដ៏ធំបំផុត របស់ប្រទេសនេះ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត ជំងឺកូវីដ-១៩ក្នុងឆ្នាំ២០២០ ៕

Most Popular

To Top