ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា ដែល​ឡើងកូដខ្លាំងបំផុត កាលជំនាន់កូវីដ ឥឡូវចាប់ផ្តើម​ចុះខ្សោយ​ហើយ

បន្ទាប់ពីឡើងកូដខ្លាំងយ៉ាងរហ័ស​បំផុត ​ក្នុងពិភពលោក ក្នុងអំឡុង​ការបិទខ្ទប់នៃការផ្ទុះរីករាលនៃជំងឺ​កូវីដ១៩ ប៉ុន្មានឆ្នាំកន្លងមក ពេលនេះ​ក្រុមហ៊ុនប្រព័ន្ធ​វីដេអូអនឡាញ Zoom បាន​ជួបការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង ឈានដល់ការសម្រេចកាត់បន្ថយបុគ្គលិកហើយ។

ក្រុមហ៊ុន Zoom បាន​ប្រកាស​កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២៣ថា ខ្លួន​នឹង​កាត់បន្ថយ​បុគ្គលិកប្រមាណ ១៣០០នាក់ ឬប្រហែល ១៥% ខណៈ​តម្រូវការ​នៃប្រើប្រាស់​ប្រព័ន្ធវីដេអូអនឡាញ​របស់​ក្រុមហ៊ុនអាមេរិកនេះ បាន​ធ្លាក់ចុះ ស្របពេល​ដែលពិភពលោក​ចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ។ វិធានការនេះ បាន​ធ្វើឱ្យ Zoom ក្លាយ​ជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយមួយទៀត ដែល​បានកាត់បន្ថយ​បុគ្គលិក។

លោក Eric Yuan នាយកប្រតិបត្តិ​ក្រុមហ៊ុន Zoom បាន​ប្រាប់បុគ្គលិក​តាមរយៈសារ memo មួយថា ការកាត់បន្ថយបុគ្គលិក​នេះ នឹង​ប៉ះពាល់​ដល់ផ្នែកជាច្រើន។ លើសពីនេះ ទាំង​ខ្លួនលោកផ្ទាល់ និង​ក្រុមដឹកនាំ​ផ្សេងៗទៀត ក៏ត្រូវបានកាត់ប្រាក់ខែផងដែរ។

ជាមួយគ្នានេះ លោក​ក៏បានទទួលស្គាល់​កំហុស​របស់លោក​ផងដែរ ដែលបាន​ភ្លេចខ្លួន​​ពេល​ក្រុមហ៊ុនកំពុង​ឡើងខ្លាំងអំឡុងកូវីដ១៩កន្លងមក ដែល​ធ្វើឱ្យមានលទ្ធផល​ដូចសព្វថ្ងៃនេះ។

គួររំលឹកថា ក្នុងពេលពិភពលោក​បិទខ្ទប់ដោយសារកូវីដកន្លងទៅ គឺ​ភាគច្រើនបំផុត​ មនុស្សត្រូវធ្វើការពីផ្ទះ ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធវីដេអូ Zoom នេះ ដើម្បីប្រាស្រ័យទាក់ទង​ការងារគ្នា​ពីចម្ងាយ។ កាលពី​ឆ្នាំ២០២១ ក្រុមហ៊ុន Zoom រកចំណូលបាន​ដល់ជាង ២,៦ពាន់លានដុល្លារ ដែលបានកើនឡើងខ្ពស់​បំផុត​រហូតដល់ ៣២៥% ពីឆ្នាំ២០២០៕

Most Popular

To Top