តូក្យូ៖ នៅពេលដែលប្រទេសជប៉ុន រៀបចំធ្វើជាម្ចាស់ផ្ទះនៃក្រុមប្រទេសដ៏មានឥទ្ធិពល នៃលទ្ធិប្រជាធិបតេយ្យលោកខាងលិច នៅសប្តាហ៍ក្រោយ ទីក្រុងតូក្យូ កំពុងបន្តការកសាងយោធា ដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ មហាអំណាចអាស៊ី ដែលងើបឡើងវិញមួយនេះ ចង់ប្រើកិច្ចប្រជុំកំពូលជាឱកាស ដើម្បីពិភាក្សាអំពីការគំរាមកំហែង ដល់សន្តិសុខពិភពលោក នៅក្នុងតំបន់ និងលើសពីនេះ។
មន្ត្រីជប៉ុនម្នាក់បានប្រាប់កាសែត Newsweek អំពីបរិបទជុំវិញការជួបជុំក្រុមទាំង៧ (G7) ដែលនឹងប្រារព្ធឡើង នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៩ ខែឧសភាថា “ខ្ញុំគិតថាវាជាពេលវេលាពិសេសមួយ នៅក្នុងប្រវត្តិសាស្ត្រ ខ្ញុំគិតថាវាជាចំណុចរបត់មួយ ក្នុងវិធីជាច្រើន”។
កិច្ចប្រជុំនេះនឹងនាំប្រទេសជប៉ុនរួមជាមួយសមាជិក G7 កាណាដា សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមជាមួយនឹងប្រធានសហភាពអាហ្រ្វិក កូម៉ូរ៉ូស ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឥណ្ឌូនេស៊ី ប្រធាន G20 ឥណ្ឌា ក៏ដូចជាអូស្ត្រាលី ប្រេស៊ីល កូរ៉េខាងត្បូង និងវៀតណាម។
ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងដំបូងគេ និងជាទីក្រុងមួយក្នុងចំណោមទីក្រុងពីរ ក្នុងប្រវត្តិសាស្ត្ររួម ជាមួយនឹងទីក្រុងណាហ្គាសាគី ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសង្គ្រាមបរមាណូ ខណៈដែលសហរដ្ឋអាមេរិក បាននាំមកនូវការបញ្ចប់ដ៏ក្តៅគគុក នៃសង្គ្រាមលោកលើកទី២ ក្នុងខែសីហា ឆ្នាំ១៩៤៥ ។
មន្ត្រីជប៉ុនបានរំលឹកឡើងវិញនូវ “ប្រវត្តិសាស្រ្តសោកនាដកម្ម” នេះដោយលើកឡើងថា កិច្ចប្រជុំកំពូលនេះ ឥឡូវនេះវាដើរតួជា “ការរំលឹកថាពិភពលោក និងប្រជាជន មានប្រាជ្ញាគ្រប់គ្រាន់ ក្នុងការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ សម្រាប់រយៈពេល ៧៧ឆ្នាំចាប់តាំងពីទីក្រុងហ៊ីរ៉ូស៊ីម៉ា” ។
មន្ត្រីជប៉ុនរូបនេះបានបន្ថែមថា “យើងចង់រក្សាវាបែបនេះ”។ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះ គឺនៅឆ្ងាយពីការធានា ហើយមន្ត្រីជប៉ុន បានចង្អុលបង្ហាញជាពិសេស ចំពោះជម្លោះនៅអ៊ុយក្រែន ដែល “ការឈ្លានពានរបស់រុស្ស៊ី តាមពិតតាមគំនិតរបស់ខ្ញុំ វាកាន់តែអាក្រក់ទៅៗ ដោយលេងវោហាសាស្ត្រ នៃការប្រើប្រាស់នុយក្លេអ៊ែរ” ។
នៅពេលដែលទីក្រុងមូស្គូ បានបន្តរីករាយនឹងទំនាក់ទំនងដ៏រឹងមាំ ជាមួយប្រទេសមួយចំនួននៅទូទាំងអាស៊ី ទីក្រុងតូក្យូ បានសម្តែងការថ្កោលទោស កាន់តែខ្លាំងឡើង ចំពោះសង្គ្រាមដែលបានកើតឡើង ដោយរុស្ស៊ីនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់ទីក្រុងគៀវនាពេលកន្លងមក ដោយហែក្បួនដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី។
មន្ត្រីជប៉ុនរូបនេះបានពណ៌នា កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរុស្ស៊ីថាជា “ជាមូលដ្ឋានប្រឆាំងនឹង” គោលគំនិតនៃបទបញ្ជាផ្អែកលើច្បាប់អន្តរជាតិ ដែលជារឿយៗត្រូវបានលើកឡើង ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យពិភពលោក ដែលគ្រប់គ្រងដោយមហាអំណាច លោកខាងលិច ចាប់តាំងពីចុងបញ្ចប់ នៃសង្គ្រាមលោកលើកទីពីរ៕ ប្រែសម្រួល ឈូក បូរ៉ា