ព័ត៌មានអន្តរជាតិ

Honda ត្រៀមដាក់ ឲ្យដំណើរការ យន្តហោះដឹកអ្នកដំណើរ ខ្នាតតូចកៅអី១១នាក់ នៅឆ្នាំ២០២៨

បរទេស ៖ ក្រុមហ៊ុន Honda Aircraft Co., ដែលជាក្រុមហ៊ុន ផលិតរថយន្តដ៏ល្បី មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃម្សិលមិញនេះថា ខ្លួននឹងដាក់ឲ្យដំណើរ ការយន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយ ប្រភេទ ដែលអាចផ្ទុកអ្នកអង្គុយ សរុបត្រឹមតែ១១នាក់ប៉ុណ្ណោះ នៅក្នុងទីផ្សារ នាឆ្នាំ២០២៨ខាងមុខ។

Honda Aircraft បានបញ្ជាក់ទៀតថា ផែនការដំបូង ដើម្បីទទួលបានវិបណ្ណបត្រ សម្រាប់ប្រតិបត្តិការហោះហើរ ពីអាជ្ញាធរអាកាសចរស៊ីវិល សហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះជាមួយ នឹងកម្រិត Light Jet ឬយន្តហោះធុនស្រាល។

តាមការបញ្ជាក់ បន្ថែម យន្តហោះប្រភេទនេះ នឹងអាចសន្សំសំចៃ ថាមពលប្រេងសាំង បានច្រើនជាងយន្តហោះធម្មតា ដល់ទៅ២០ភាគរយ ហើយអាចធ្វើការហោះហើរ បានឆ្ងាយឬក្នុងតំបន់អាមេរិកខាងជើង ទាំងមូលដោយមិនចាំបាច់ចូល ចតចាក់សាំងបន្ថែមឡើយ។

គួរឲ្យដឹងដែរថា យន្តហោះថ្មីនេះនឹងយកគំរូឌីសាញ តាមម៉ូដេល Hondajet 2600 ដែលធ្លាប់បានបង្ហាញខ្លួន ដំបូងកាលពីឆ្នាំ២០២១ ហើយការប្រកាសទទួលយកការបញ្ជាទិញ នឹងអាចធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top