ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង AUKUS ខ្វះតម្លាភាព និងបំផ្លាញរបបមិនរីក សាយភាយនុយក្លេអ៊ែរ

ប្រភព​ ៖ Xinhua

ម៉ូស្គូ៖ អ្នកជំនាញរុស្ស៊ី បានប្រាប់កាសែតស៊ីនហួថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ខ្វះតម្លាភាព បង្កើនហានិភ័យ នៃការសាយភាយ និងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់របបមិនរីកសាយភាយ សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

កិច្ចព្រមព្រៀង AUKUS ប្រឆាំងនឹងស្មារតីនៃ NPT (សន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ) និងរបបមិនរីកសាយភាយអន្តរជាតិ លោក Anton Khlopkov នាយកមជ្ឈមណ្ឌលគិតរបស់រុស្ស៊ី សម្រាប់ការសិក្សាថាមពល និងសន្តិសុខ (CENESS) បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅខាងក្រៅសិក្ខាសាលា ស្តីពី AUKUS ដែលធ្វើឡើងនៅទីក្រុងវីយែន។

ក្រោមសម្ព័ន្ធភាពត្រីភាគី AUKUS ដែលត្រូវបានប្រកាស ក្នុងខែកញ្ញា ឆ្នាំ២០២១ អូស្ត្រាលី នឹងអាចបង្កើតនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ជាមួយនឹងបច្ចេកវិទ្យាដែលផ្តល់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

លោក Khlopkov បានលើកឡើងថា ទោះបីជាប្រទេស AUKUS បានសន្យាថា មានតម្លាភាពនៅក្នុង សេចក្តីថ្លែងការណ៍ ជាសាធារណៈរបស់ពួកគេក៏ដោយ ប៉ុន្តែមាន “ការខ្វះខាតព័ត៌មាន និងកង្វះតម្លាភាព” ទាក់ទងនឹងកិច្ចព្រមព្រៀង ត្រីភាគីមួយនេះ។

លោកក៏បានកត់សម្គាល់ផងដែរថា ខណៈពេលដែលប្រទេសទាំង៣ បានអះអាងថា ពួកគេចង់កំណត់គំរូ សម្រាប់ប្រទេសផ្សេងទៀត ដែលអាចបន្តនាវាមុជទឹកនុយក្លេអ៊ែរនាពេលអនាគត ពួកគេបានព្យាយាមស្នើសុំមាត្រា១៤ នៃកិច្ចព្រមព្រៀងការពារទូលំទូលាយ ដើម្បីចរចារអំពីការរៀបចំពាក់ព័ន្ធជាមួយលេខាធិការដ្ឋានអន្តរជាតិ។

ទន្ទឹមនឹងនេះ ពួកគេបានដកប្រទេស និងអ្នកជំនាញផ្សេងទៀតចេញពីការពិភាក្សាអំពីការរៀបចំនេះ។ លោកបានព្រមានថា “វិធីសាស្រ្តទាំងនោះអាចបំផ្លាញមិនត្រឹមតែ NPT ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺភាពជឿជាក់របស់ IAEA”។

អ្នកជំនាញរុស្ស៊ីបានព្រមានថា កិច្ចព្រមព្រៀងនេះអាចជំរុញចំណាប់អារម្មណ៍របស់រដ្ឋផ្សេងទៀតដែលគ្មានអាវុធនុយក្លេអ៊ែរ ដើម្បីបង្កើតនាវាមុជទឹកនុយក្លេអ៊ែរ និងជំរុញឱ្យមានការប្រកួតប្រជែងអាវុធដ៏មានសក្តានុពលនៅក្នុងតំបន់។

ក្នុងអំឡុងពេលសិក្ខាសាលា លោក Khlopkov បានអំពាវនាវឱ្យប្រទេសទាំងអស់រួម គ្នាដោះស្រាយហានិភ័យ នៃកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS “តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការបើកចំហ និងរួមបញ្ចូល និងឫសគល់ សម្រាប់ដំណោះស្រាយ ដែលបានរកឃើញរួមគ្នា ដើម្បីគាំទ្ររបបមិនរីកសាយ ភាយអន្តរជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top