ព័ត៌មានអន្តរជាតិ

Apple ត្រូវតុលាការក្រុងម៉ូស្គូ ពិន័យជាប្រាក់ ៤២០០ ដុល្លារជាលើកដំបូងជុំវិញ មាតិកាហាមឃាត់ ក្នុងប្រទេសរុស្ស៊ី

ប្រភព​ ៖ AFP

រុស្ស៊ី៖ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា តុលាការនៃចៅក្រម Tagansky ក្នុងទីក្រុងមូស្គូបានសម្រេចចេញ ការផាកពិន័យរដ្ឋបាលដល់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ជាលើកដំបូងសម្រាប់ការខកខាន ក្នុងការលុបព័ត៌មានត្រូវបានហាមឃាត់ នៅសហព័ន្ធរុស្ស៊ី យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។

យោងតាមសាលក្រមផ្តល់ ដោយចៅក្រម Timur Vakhrameev ក្រុមហ៊ុន Apple Distribution International ត្រូវបានរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តបទល្មើសរដ្ឋបាល ហើយត្រូវបានកាត់ទោស ឲ្យបង់ប្រាក់ពិន័យចំនួន ៤២០០ ដុល្លារអាមេរិក ។ ចៅក្រមបានកត់សម្គាល់ថា ចំនួនទឹកប្រាក់ដែលសាជីវកម្មអាមេរិកត្រូវបានបញ្ជាឲ្យបង់ គឺទាបជាងការផាក ពិន័យជាអប្បបរមា សម្រាប់ការបំពានបែបនេះ បន្ទាប់ពីគិតគូរពីអំណះអំណាង បង្ហាញក្នុងតុលាការដោយក្រុមច្បាប់របស់ Apple។

យោងតាមឯកសារ របស់តុលាការ បង្ហាញក្នុងអំឡុង ពេលសវនាការ Apple ត្រូវបានចោទប្រកាន់ ពីបទខកខានក្នុងការលុបកម្មវិធី និងផតខាស់មានព័ត៌មាន មិនត្រឹមត្រូវអំពីប្រតិបត្តិការ យោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាព័ត៌មានដែលមានគោលបំណងពាក់ព័ន្ធនឹងអនីតិជនក្នុង សកម្មភាពខុសច្បាប់ ដើម្បីធ្វើឲ្យមានអស្ថិរភាពនយោបាយ ស្ថានភាពនៅសហព័ន្ធរុស្ស៊ី ។

សាលក្រមនេះជាលើកទីមួយហើយ ដែល Apple ទទួលខុសត្រូវចំពោះការខកខាន ក្នុងការលុបព័ត៌មានហាមឃាត់ ក្នុងប្រទេសរុស្ស៊ីនោះ សាជីវកម្មអាមេរិកក៏ធ្លាប់បានបាត់បង់ករណីផ្លូវច្បាប់ជាច្រើនពាក់ព័ន្ធនឹង ការរំលោភលើទំនុកចិត្ត និងត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យរាប់រយលានរូពីផងដែរ ។

កាលពីខែកុម្ភៈ ក្រុមហ៊ុន Apple បានបង់ប្រាក់ពិន័យចំនួន ៩.៦ លានដុល្លារលើបណ្តឹងមួយត្រូវបានផ្តួចផ្តើមឡើងដោយ Federal Antimonopoly Service (FAS) របស់រុស្ស៊ី ដោយចោទប្រកាន់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស នៃការរឹតបន្តឹងការប្រកួតប្រជែងលើ AppStore របស់ខ្លួន បន្ទាប់ពីវាបានបដិសេធកម្មវិធីគ្រប់គ្រងមាតាបិតារបស់ Kaspersky Lab ។

កាលពីខែមករា អង្គការឃ្លាំមើលផ្តាច់មុខក៏បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបង់ប្រាក់ជាង ១២.៤ លានដុល្លារសម្រាប់ការជំរុញអ្នកអភិវឌ្ឍន៍ឲ្យដកចេញនូវតំណភ្ជាប់ទៅកាន់គេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ និងប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធទូទាត់ ដែលផ្តល់ដោយ Apple ផ្ទាល់៕
ដោយ៖លីភីលីព

Most Popular

To Top