បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយនៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។
Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថាបានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បានបដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។
របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២ក្នុងចំណោម២០គ្រឿងដែលផ្តល់ដោយប្រទេសរបស់គាត់។
រថក្រោះប្រមាណជាជាង១០គ្រឿងបានដឹកជញ្ជូនទៅដល់ក្នុងប្រទេសអ៊ុយក្រែនរួចហើយ បើទោះជាលោក Poulsen បាននិយាយថា រថក្រោះទាំងនោះមានបញ្ហាតិចតួច ដែលកំពុងត្រូវបានដោះស្រាយដោយអ្នកជួសជុលក្នុងស្រុកក្តី។
គួរឲ្យដឹងដែរថារថក្រោះចំនួនជិត១០គ្រឿងផ្សេងទៀតត្រូវបានគេនិយាយថានៅតែស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដោយយ៉ាងហោចណាស់ពីរគ្រឿងក្នុងនោះមានបញ្ហាធ្ងន់ធ្ងរកំពុងត្រូវបានគេជួសជុល៕ ប្រែសម្រួល៖ស៊ុនលី