ព័ត៌មានអន្តរជាតិ

តម្លៃកាហ្វេរបស់ប្រទេសវៀតណាម ហក់ឡើងខ្លាំងនៅក្នុងកំណត់ត្រា

រូបភាពពី៖​ XINHUA

ហាណូយ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាសែតក្នុងស្រុក VnExpress បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃកាហ្វេរបស់វៀតណាមនៅក្នុងទីផ្សារពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយនៅក្នុងសប្តាហ៍នេះ ។

តម្លៃកាហ្វេ រ៉ូប៊ូស្តា (robusta) បានកើនឡើងដល់កំណត់ត្រា គឺ៦៨.០០០ដុង (រូបិយប័ណ្ណវៀតណាម) ប្រហែល ២.៧៩ដុល្លារអាមេរិកក្នុង១គីឡូក្រាម ដែលតម្លៃនេះបានកើនឡើង៧៦ភាគរយចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលតម្លៃកាហ្វេ អារ៉ាប៊ីកា (Arabica) បានកើនឡើងនៅញ៉ូវយ៉កដោយ ពី០,៤៥ដល់០,៩៥សេនក្នុងមួយផោន ដែលមានតម្លៃ១៥៨ដល់១៦២ដុល្លារ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ទាំងនេះគឺជាតម្លៃកាហ្វេរបស់វៀតណាមដែលមានតម្លៃខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំមកនេះ ។

កាសែត VnExpress បានដកស្រង់សម្តីរបស់លោក Vu Duc Con អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dak Lak បានលើកឡើងថា មូលហេតុមួយក្នុងចំណោមហេតុផលដែលនាំឱ្យតម្លៃកើនឡើងគឺ ដោយសាររដូវប្រមូលផលមិនទាន់មកដល់ ខណៈដែលស្តុកពីរដូវមុនត្រូវបានលក់អស់ភាគច្រើន ។

លោកបានព្យាករណ៍ថា ក្នុងរយៈពេល២ខែខាងមុខនេះ តម្លៃនឹងអាចសមរម្យវិញ នៅពេលដំណាំកាហ្វេទុំ ។

អគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា ការនាំចេញកាហ្វេចំនួន៨.០០០តោនក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះដោយទទួលបានប្រាក់ចំណូលចំនួន៨៥លានដុល្លារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top