បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធាហូឡង់បានប្រកាសផ្តល់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន៥គ្រឿងដើម្បីធ្វើការហ្វឹកហាត់ពីឡុតអ៊ុយក្រែន ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសរ៉ូម៉ានី។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិហូឡង់បានប្រកាសអំពីការសម្រេចចិត្តនេះកាលពីថ្ងៃពុធដោយអះអាងទៀតថាកញ្ចប់ជំនួយដំបូងជាយន្តហោះចម្បាំងនេះនឹងធ្វើដំណើរទៅដល់មូលដ្ឋានហ្វឹកហាត់យោធារបស់អឺរ៉ុបឬ EFTC នៅក្នុងទីក្រុង Borcea ប្រទេសរ៉ូម៉ានី។
ក្រសួងបានបញ្ជាក់ទៀតថា៖មជ្ឈមណ្ឌលហ្វឹកហ្វឺននៅប្រទេសរ៉ូម៉ានីនឹងប្រើប្រាស់យន្តហោះនេះជាលើកដំបូងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលថ្មីសម្រាប់អ្នកបង្ហាត់ F-16 ដែលបានជួល បន្ទាប់មកការបណ្តុះបណ្តាលនឹងត្រូវបានផ្តល់ជូនអ្នកបើកយន្តហោះរ៉ូម៉ានី និងអ៊ុយក្រែនប៉ុន្តែយន្តហោះនេះនឹងហោះហើរនៅក្នុងដែនអាកាសណាតូតែប៉ុណ្ណោះ។
តាមការគ្រោតទុកដែលបានធ្វើឡើងនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងវីលនីស ប្រទេសលីទុយអានី នៅដើមឆ្នាំនេះ EFTC ត្រូវបានដឹកនាំដោយក្រុមចម្រុះនៃរដ្ឋលោកខាងលិចចំនួន១១ដែលធ្វើការដើម្បីផ្តល់សមត្ថភាព F-16 ដល់ទីក្រុងគៀវ។ ក្រុមហ៊ុនផលិតសព្វាវុធដ៏ធំរបស់អាមេរិក Lockheed Martin ដែលបច្ចុប្បន្នផលិតយន្តហោះ F-16 ក៏កំពុងចូលរួមក្នុងគម្រោងនេះផងដែរ ៕ ប្រែសម្រួល៖ស៊ុនលី