ព័ត៌មានអន្តរជាតិ

ជប៉ុនព្រមាន អ្នកគាំទ្រ បាល់ទាត់កុំធ្វើឲ្យដំណើរ ទៅកាន់កូរ៉េខាងជើង សម្រាប់ប្រកួតវគ្គជម្រុះ World Cup

ប្រភព ៖ AFP

តូក្យូ ៖ ប្រទេសជប៉ុន បានព្រមានអ្នកគាំទ្រ បាល់ទាត់ទាំងអស់ កុំព្យាយាមធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ទស្សនាការប្រកួតវគ្គជម្រុះ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup” នៅសប្តាហ៍ក្រោយនៅទីក្រុងព្យុងយ៉ាង ។
ក្រសួងការបរទេស ទីក្រុងតូក្យូស្នើសុំយ៉ាងខ្លាំង ដល់សាធារណជនទូទៅ ឲ្យបដិសេធ ពីការចូលរួមក្នុងការប្រកួត នៅថ្ងៃទី ២៦ ខែមីនា ដែលជាលើកទីមួយ សម្រាប់ភាគីទាំង២ នៅប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ២០១១ ។

ប្រទេសនេះ បាននិយាយនៅលើ X ថា ដូចដែលអ្នក បានដឹងហើយថា ប្រទេសកូរ៉េខាងជើង មានទិដ្ឋភាព អរិភាព នៃប្រទេសជប៉ុន ហើយការធ្វើដំណើរ មិនត្រូវបានណែនាំ សម្រាប់សាធារណជនទូទៅទេ ។ ជប៉ុន និងកូរ៉េខាងជើង នឹងប្រកួតនៅទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍ ចំពោះវគ្គជម្រុះសម្រាប់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ មុនពេលការប្រកួត ត្រឡប់មកវិញ នៅសប្តាហ៍ក្រោយ ។
ការណែនាំជាយូរយារណាស់ មកហើយរបស់ប្រទេសជប៉ុនសម្រាប់ជនជាតិរបស់ខ្លួន មិនត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនោះទេ ប៉ុន្តែវាមិនបានហាមឃាត់ ពួកគេពីការធ្វើដូច្នេះនោះទេ ខណៈប្រទេសទាំង២ មិនមានទំនាក់ទំនងការទូតឡើយ ។

នេះបើតាមការផ្សាយ របស់ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ទោះជាយ៉ាងណា ក៏ដោយ មន្ត្រីរដ្ឋាភិបាលចំនួន ១៤ នាក់នឹងអមដំណើរ ក្រុមជប៉ុនសម្រាប់ការប្រកួត ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនតូច ។ ការប្រកួតជើងទី១ នៃវគ្គជម្រុះនារី របស់ពួកគេសម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីស ត្រូវបានប្តូរពីរដ្ឋធានីកូរ៉េខាងជើង ទៅកាន់ទីលានអព្យាក្រឹត នៅប្រទេស អារ៉ាប៊ីសាអូឌីត កាលពីខែមុន ។
ទំនាក់ទំនងត្រូវបានជាប់គាំង ជាយូរមកហើយ ដោយបញ្ហារួមទាំងសំណងសម្រាប់ការកាន់ កាប់ដ៏ឃោរឃៅ របស់ជប៉ុននៅលើឧបទ្វីបកូរ៉េរវាងឆ្នាំ ១៩១០ និង១៩៤៥ ព្រមទំាងថ្មីៗនេះ ដោយការបាញ់ មីស៊ីល របស់ទីក្រុងព្យុងយ៉ាងលើទឹកដីជប៉ុន ។

ការចាប់ពង្រត់ដោយភ្នាក់ងារកូរ៉េខាងជើង នៃពលរដ្ឋជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងឆ្នាំ ១៩៨០ បង្ខំឲ្យបណ្តុះបណ្តាលអ្នកស៊ើបការណ៍ជាភាសា និងទំនៀមទម្លាប់របស់ជប៉ុន ក៏ជាចំណុចសំខាន់ នៃការឈ្លោះប្រកែកគ្នា ជាយូរមកហើយ ។
ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងឃើញអ្នកគាំទ្រកូរ៉េខាងជើង យ៉ាងច្រើន ពីក្នុងចំណោមសហគមន៍ជនជាតិភាគតិចកូរ៉េ ដែលមានអាយុកាល យូរមកហើយ របស់ប្រទេសជប៉ុនដែលមានប្រហែល ៣០០,០០០នាក់ ។ ភាគច្រើនគឺជាកូនចៅរបស់ជនស៊ីវិល ត្រូវបានដកហូត ពីផ្ទះរបស់ពួកគេក្នុង អំឡុងពេលអាណានិគម របស់ប្រទេសជប៉ុន នៃឧបទ្វីបកូរ៉េ ៕
ដោយ៖លី ភីលីព

Most Popular

To Top