ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន និងប្រទេសចំនួន ៨ ផ្សេងទៀត ប្រកាន់យកគោលការណ៍ អភិវឌ្ឍន៍ 6G

Xinhua

វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយ កាលពីថ្ងៃចន្ទថា អាមេរិក ជប៉ុន និងប្រទេសចំនួន ៨ ផ្សេងទៀតបានអនុម័ត គោលការណ៍រួមគ្នា សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឥតខ្សែ 6G ជំនាន់ក្រោយនេះ ខណៈ ប្រទេសចិនបង្កើនការវិនិយោគ និងស្វែងរកឥទ្ធិពលលេច ធ្លោក្នុងស្ថាបត្យកម្ម បណ្តាញទំនាក់ទំនង ។

នេះបើយោងតាមសេតវិមានបានបន្តថា គោលការណ៍នេះរួមមានការសម្របសម្រួល សមត្ថភាពរបស់រដ្ឋាភិបាល និងដៃគូចូលរួមក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីការពារសន្តិសុខជាតិ ក៏ដូចជាការបង្កើតស្តង់ដារពិភពលោក តាមរយៈនីតិវិធីដែលមានតម្លាភាព និងផ្អែកលើការឯកភាពគ្នា ។

សេចក្តីថ្លែងការណ៍រួម របស់ពួកគេបាននិយាយថា យើងជឿជាក់ថានេះគឺ ជាការរួមចំណែកមិន អាចខ្វះបានឆ្ពោះ ទៅរកការកសាងអនាគតប្រកបដោយបរិយាប័ន្ន និរន្តរភាព សុវត្ថិភាព និងសន្តិភាពសម្រាប់ទាំងអស់គ្នា ហើយអំពាវនាវឲ្យរដ្ឋាភិបាល អង្គការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចូលរួមជាមួយយើងក្នុងការគាំទ្រ និងរក្សាគោលការណ៍ទាំងនេះ ។

ប្រទេសដែលមានគំនិតដូចគ្នាចំនួន ៨ ផ្សេងទៀត គឺអូស្ត្រាលី អង់គ្លេស កាណាដា សាធារណរដ្ឋឆេក ហ្វាំងឡង់ បារាំង កូរ៉េខាងត្បូង និងស៊ុយអែត ។ ប្រទេសបានប្តេជ្ញាចិត្តចំពោះកិច្ចសហការនាពេលអនាគតរបស់ពួកគេ និងគោលនយោបាយ 6G រៀងៗខ្លួនដែលកំពុងត្រូវ បានអនុវត្តស្របតាមគោលការណ៍ ។
ប្រទេសចិនមានគោលបំណង ដើម្បីសម្រេចបាននូវការធ្វើពាណិជ្ជកម្ម នៃបណ្តាញទំនាក់ទំនងជំនាន់ក្រោយ ដែលនឹងផ្តល់ល្បឿនបញ្ជូនលឿនជាង 5G បច្ចុប្បន្ន ១០ ដងនៅត្រឹមឆ្នាំ ២០៣០ ដោយរំពឹងថាស្តង់ដារ របស់វានឹងត្រូវបានកំណត់នៅឆ្នាំ ២០២៥ ។

ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំង ប្រទេសផ្សេងទៀត និងក្រុមហ៊ុន ទូរគមនាគមន៍ធំៗ មួយចំនួនរបស់ពិភពលោក ក៏កំពុងស្វែងរកការផ្តល់សេវា 6G ពាណិជ្ជកម្មនៅដើមទសវត្សរ៍ឆ្នាំ ២០២៣០ ផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top