ព័ត៌មានអន្តរជាតិ

Update៖អ៊ីស្រាអ៊ែល ដកទ័ពចេញតំបន់ ភាគខាងត្បូងហ្គាហ្សា ដើម្បីត្រៀមធ្វើប្រតិបត្តិការនៅក្រុង Rafah

យេរ៉ូសាឡឹម៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអ៊ែល ត្រូវបានដកចេញ ពីភាគខាងត្បូងតំបន់ហ្គាហ្សា ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការ ដែលអាចកើតមាននៅទីក្រុង Rafah ។

កាលពីថ្ងៃអាទិត្យ កងកម្លាំងបានចាកចេញពីតំបន់ហ្គាហ្សា ដែលកំពុងរៀបចំសម្រាប់ “បេសកកម្មតាមដាន” លោក Gallant បានឲ្យដឹងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅឯបញ្ជាការភាគខាងត្បូងនៃកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) ដោយបានបន្ថែមថា “យើងបានឃើញឧទាហរណ៍នៃបេសកកម្មបែបនេះនៅក្នុងមន្ទីរពេទ្យ Shifa ហើយនឹង មើលបេសកកម្មបែបនេះនៅក្នុងតំបន់ Rafah ។

អ៊ីស្រាអ៊ែល បានដកទ័ពជើងគោកទាំងអស់ចេញ ពីតំបន់ហ្គាហ្សាភាគខាងត្បូង លើកលែងតែកងពលតូច Nahal Brigade ដែលនៅកណ្តាលហ្គាហ្សា ដោយបំបែកស្ទ្រីបជាពីរ និងការពារការវិលត្រឡប់ របស់ជនស៊ីវិលពីភាគខាងត្បូង ទៅខាងជើងនៃតំបន់ហ្គាហ្សា។

ជាមួយគ្នានេះដែរ កាលពីល្ងាច ថ្ងៃអាទិត្យ លោក Herzi Halevi អគ្គសេនាធិការ IDF បានប្រាប់នៅពេលធ្វើសន្និសីទ សារព័ត៌មានថា ប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមហាម៉ាស់ គឺនៅឆ្ងាយពីទីបញ្ចប់ ទោះបីជាមានការដកទាហាន ចេញក៏ដោយ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាករា

Most Popular

To Top