ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បញ្ជូនរថពាសដែក និងវាយឆ្មក់ទៅលើតំបន់ ភាគខាងជើង នៃតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា/យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា នៅគ្រាដែលជម្លោះ អ៊ីស្រាអ៊ែល និងក្រុមហាម៉ាសបានឈាន ចូលដល់ថ្ងៃទី២០ ហើយ រថពាសដែក និងទ័ពថ្មើរជើង របស់អ៊ីស្រាអ៊ែលបានវាយឆ្មក់តំបន់ហ្គាហ្សា ដែលស្ថិតនៅភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់៧.០២៨ នាក់ហើយ ។ ប្រទេសនៅ អារ៉ាប់ចំនួន៩ បានជំរុញឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ហៅកាត់ថា (UNSC) តម្រូវឱ្យភាគីជម្លោះមានបទឈប់ បាញ់ជាបន្ទាន់ និងមាននិរន្តរភាព ។

នៅរាត្រីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ រថពាសដែក និងទ័ពថ្មើរជើង របស់អ៊ីស្រាអ៊ែល បានវាយឆ្មក់ចូលតំបន់ ហ្គាហ្សាស្ទ្រីបភាគខាងជើង ។ យោធាបានឲ្យដឹងថា ការវាយឆ្មក់នេះ គឺជា “ផ្នែកនៃការរៀបចំ សម្រាប់ដំណាក់កាលបន្ទាប់ នៃការប្រយុទ្ធគ្នា” ដែលអ៊ីស្រាអ៊ែល គ្រោងនឹងវាយលុកទៅលើដែនដីនៅតំបន់ហ្គាហ្សា ។

នៅពេលព្រឹកនេះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអ៊ែល លោក Daniel Hagari បានប្រាប់ដល់អ្នកយកព័ត៌មានថា យន្តហោះចម្បាំងបានវាយប្រហារ ទៅលើគោលដៅរបស់ក្រុមហាម៉ាស់ជាង២៥០កន្លែងនៅតំបន់ហ្គាហ្សា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ រូងក្រោមដី និងឧបករណ៍ បាញ់គ្រាប់រ៉ុក្កែត ហើយទាហានជើងទឹក បានវាយប្រហារលើទីតាំងបាញ់មីស៊ីល ពីដីទៅអាកាសរបស់ក្រុមហាម៉ាស់នៅតំបន់ Khan Yunis ផងដែរ ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសបានធ្វើបច្ចុប្បន្នភាព ពីចំនួនអ្នកស្លាប់មានរហូតដល់ទៅ៧.០២៨នាក់ ខណៈដែលពលរដ្ឋប៉ាឡេស្ទីនចំនួន១៨.៤៨៤នាក់បានរងរបួស ដែលមានការបដិសេធពីការសង្ស័យរបស់សហរដ្ឋអាមេរិក ។ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា លោក “មិនជឿទុកចិត្តលើសុពលភាព នៃចំនួនអ្នកស្លាប់ ដែលបានប្រកាសដោយប៉ាឡេស្ទីន នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top