ប្រ៊ុចស៊ែល ៖ លោក Jens Stoltenberg អគ្គលេខាធិការ អង្គការ NATO បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការពារជាតិ នៃសម្ព័ន្ធសន្ធិសញ្ញា អាត្លង់ទិក ខាងជើង ហៅកាត់ថា (NATO) បានអនុម័តផែនការ ដែលអនុញ្ញាតឱ្យសម្ព័ន្ធភាពដឹកនាំការសម្របសម្រួល នៃជំនួយសន្តិសុខ និងការហ្វឹកហ្វឺនយោធា សម្រាប់ប្រទេសអ៊ុយក្រែន ។
លោក Stoltenberg បានប្រាប់ដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល២ថ្ងៃនៅទីស្នាក់ការកណ្តាលទីក្រុង ប្រ៊ុចស៊ែល របស់អង្គការ NATO ថា NATO នឹងត្រួតពិនិត្យការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅឯកន្លែងហ្វឹកហ្វឺននៅក្នុងប្រទេសសម្ព័ន្ធមិត្ត និងគាំទ្រអ៊ុយក្រែនតាមរយៈការធ្វើផែនការ និងការសម្របសម្រួលនៃការបរិច្ចាគ ។
ផែនការដែលត្រូវបានរំពឹងថា នឹងមានបុគ្គលិកចំនួន៧០០នាក់ នឹងមានបញ្ជាការរបស់អង្គការ NATO ដែលមានទីតាំងនៅកន្លែង របស់សហរដ្ឋអាមេរិកក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ និងនៅតាមក្រុមភស្តុភារនៅភាគខាងកើតនៃសម្ព័ន្ធភាព ។
សកម្មភាពនេះគឺមានន័យថា អង្គការ NATO នឹងទទួលការនាំមុខពីក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដែលដឹកនាំដោយសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា