តូក្យូ ៖ រដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា ប្រមុខការពារជាតិជប៉ុន អង់គ្លេស និង អ៊ីតាលី បានយល់ព្រមឆ្ពោះទៅមុខ លើកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នា របស់ពួកគេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលអង់គ្លេសថ្មី អាចនឹងពិនិត្យមើលគម្រោងត្រីភាគីមួយនេះ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអង់គ្លេសលោក John Healey និងអ៊ីតាលី Guido Crosetto ថា ពួកគេក៏បានបញ្ជាក់ពីការបង្កើតប្រទេសរបស់ពួកគេ នូវស្ថាប័នសម្របសម្រួលមួយ ដើម្បីត្រួតពិនិត្យកម្មវិធីនេះ នៅចុងឆ្នាំនេះ ។
គម្រោងយន្តហោះចម្បាំង Global Combat Air Program មានគោលបំណង អភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ហើយចាប់ផ្តើមដាក់ពង្រាយវា នៅឆ្នាំ២០៣៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
វាបានកើតឡើង បន្ទាប់ពីកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ផែនការនេះត្រូវបានគេព្រួយបារម្ភថា នឹងមានហានិភ័យ នៃការត្រួតពិនិត្យផ្នែកការពារ ដ៏សំខាន់ ដោយក្នុងនោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer មានការព្រួយបារម្ភអំពីការ ចំណាយច្រើនណាមួយកើតឡើង។
លោក Starmer បានចូលកាន់តំណែងនៅថ្ងៃទី០៥ ខែកក្កដា បន្ទាប់ពីគណបក្សការងារ របស់លោកបានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃមុន ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ឆ្នាំដោយគណបក្សអភិរក្ស ដែលរដ្ឋាភិបាលរបស់លោក បានយល់ព្រមលើ GCAP ក្នុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា