ទីក្រុងប៉ាតាយ៉ា ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃ ព្យាយាមប្រែក្លាយទីក្រុងប៉ាតាយ៉ា ដែលមានភាពល្បីល្បាញ របស់ទីក្រុងនេះ គឺជាមជ្ឈមណ្ឌល ទេសចរណ៍ផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់ខ្លាំងបំផុត នាពេលបច្ចុប្បន្ននេះ ឲ្យទៅជាគោលដៅទេសចរណ៍សម្រាប់លក្ខណៈគ្រួសារវិញ ។
Bangkok Post បានរាយការណ៍ថា នាពេលថ្មីៗនេះ ប្រតិបត្តិករទេសចរណ៍ នៅទីក្រុងប៉ាតាយ៉ា បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ របស់ប្រទេសថៃ លោក Sermsak Pongpanit ដោយបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេ ក្នុងការប្រែក្លាយទីក្រុងទៅជាគោលដៅដ៏ល្អ សម្រាប់គ្រួសារដែលមានផលិតផលទេសចរណ៍ថ្មីៗ ជាច្រើនប្រភេទ។
លោក Thanet Supornsahasrungsi ប្រធានសមាគម នៃសហព័ន្ធទេសចរណ៍ឈុនបុរី បាននិយាយថា ទីក្រុងប៉ាតាយ៉ាមានសក្តានុពល ដ៏អស្ចារ្យក្នុងការក្លាយជាទីក្រុង ឲ្យមានភាពទាក់ទាញផ្សេងៗ និងជាមជ្ឈមណ្ឌលសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោក។
លោក Supornsahasrungsi បានបន្ថែមថា មានតែអ្នកដែលមិនបានទៅទីក្រុងប៉ាតាយ៉ាអស់រយៈពេលជាង ២ ទសវត្សរ៍ប៉ុណ្ណោះ ដែលនៅតែចាត់ទុកទីក្រុងនេះថា ជាទីក្រុងផ្លូវភេទរបស់ពិភពលោកជាមួយនឹងការកម្សាន្តពេលរាត្រីដ៏អ៊ូអរ។
លោកបានបញ្ជាក់ថា ទីក្រុងនេះបានធ្វើឲ្យប្រសើរឡើង នូវផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ដោយផ្តោតលើក្រុមគ្រួសារ ដែលចង់រីករាយ ក្នុងថ្ងៃឈប់សម្រាកពិតប្រាកដ ។ ទីក្រុងប៉ាតាយ៉ា អ្នកភ្ញៀវទេសចរណ៍ គ្រាន់តែធ្វើដំណើរប្រហែល ២ម៉ោងពីទីក្រុងបាងកក ផ្តល់ជូននូវកន្លែង ទេសចរណ៍ជាច្រើនដូចជា ឆ្នេរសមុទ្រ ទីលានវាយកូនហ្គោល កន្លែងវប្បធម៌ កន្លែងប្រជុំ និងផ្សារទំនើបទៀតផង ៕
