បារាំង៖TechCrunch បានរាយការណ៍ ដោយដកស្រង់ការវិភាគនៃការទាញយកជាសកលពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Sensor Tower ថា ប្រជាប្រិយភាពជាសកល របស់កម្មវិធី Telegram Messenger បានកើនឡើង បន្ទាប់ពីការចាប់ខ្លួនស្ថាបនិក និងនាយកប្រតិបត្តិនៃវេទិកានេះ លោក Pavel Durov កាលពីថ្ងៃសៅរ៍យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ចំនួននៃការទាញយកកម្មវិធី Telegram នៅលើប្រព័ន្ធប្រតិបត្តិការ iOS ទូទាំងពិភពលោក ត្រូវបានគេរាយការណ៍ថា បានកើនឡើង ៤ ភាគរយ ពីមួយថ្ងៃទៅមួយថ្ងៃ នៅថ្ងៃទី ២៦ ខែសីហា ។ នៅប្រទេសបារាំង ជាកន្លែងដែលលោក Durov ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍ កម្មវិធីផ្ញើសារបានក្លាយ ជាកម្មវិធីកំពូល នៅលើបណ្តាញសង្គម និងជាកម្មវិធីដែលទាញយកច្រើនជាងគេទី៣ ។
នៅអាមេរិក Telegram បានផ្លាស់ប្តូរទៅចំណាត់ថ្នាក់ទី២នៅលើតារាងកម្មវិធីកំពូល ដែលមិនរាប់បញ្ចូលហ្គេម មុននឹងត្រឡប់ទៅលេខ៣វិញ។ សារព័ត៌មានបច្ចេកវិទ្យា បានកត់សម្គាល់ថា ចំណាត់ថ្នាក់ App Store របស់ Apple ឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃរង្វាស់ដូចជាចំនួននៃការដំឡើងកម្មវិធី និងល្បឿនទាញយក ក្នុងចំណោមកត្តាផ្សេងៗទៀត។
យោងតាមក្រុមហ៊ុន ស៊ើបការណ៍កម្មវិធី Appfigures ដូចដែលបានលើកឡើងដោយ TechCrunch ថា ក្រុមហ៊ុន Telegram មិនបានផ្លាស់ប្តូរ ទៅចំណាត់ថ្នាក់ទី ២នៅលើតារាងបណ្តាញ សង្គមនៅលើ App Store របស់អាមេរិករហូតដល់ម៉ោង ៣ ព្រឹកថ្ងៃច័ន្ទ មានន័យថា ការជំរុញដែលទទួល បានដោយកម្មវិធីនេះ ទើបតែដំណើរការ ទោះបីជាវាអាចមានរយៈពេលខ្លីក៏ដោយ ៕