ឡុងដ៍ ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាស ពីការផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធមួយ ចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ដោយរដ្ឋមន្ត្រីការបរទេស លោក David Lammy បានជូនដំណឹង ដល់សមាជិកសភា ក្នុងសភាថា អាជ្ញាប័ណ្ណប្រហែល ៣០ ក្នុងចំណោមចំនួនសរុបប្រហែល ៣៥០ ត្រូវបានព្យួរ។
ក្រសួងការបរទេសអ៊ីស្រាអែល បានថ្កោលទោស ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្អាកអាជ្ញាប័ណ្ណ នាំចេញអាវុធមួយចំនួន ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានហៅចំណាត់ការនេះថា “ជាជំហានដែលផ្ញើសារ ដែលមានបញ្ហាយ៉ាងខ្លាំង” ទៅកាន់ក្រុមហាម៉ាស់ និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Katz បានបង្ហាញពីការខកចិត្តរបស់អ៊ីស្រាអែល ជាមួយនឹងការព្យួរចុងក្រោយបំផុតដោយរដ្ឋាភិបាលការងារថ្មីរបស់ចក្រភពអង់គ្លេស ក៏ដូចជាការសម្រេចចិត្តពីមុន ដែលចក្រភពអង់គ្លេស បានធ្វើទាក់ទងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោក Katz បានលើកឡើងថា “អ៊ីស្រាអែល គឺជាប្រទេសដែលគោរពច្បាប់” ដោយបន្ថែមថាលោករំពឹងថា “ប្រទេសជាមិត្តដូចជាចក្រភព អង់គ្លេសនឹងទទួលស្គាល់រឿងនេះ” ។
លោកបានសម្តែងក្តីសង្ឃឹមថា “មិត្តភាពដ៏ជ្រាលជ្រៅរវាងចក្រភពអង់គ្លេស និងអ៊ីស្រាអែល ដែលបានស៊ូទ្រាំចាប់តាំងពីការបង្កើតរបស់អ៊ីស្រាអែល នឹងបន្តទៅអនាគត”។
គួរបញ្ចាក់ថា កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានជូនដំណឹងដល់សមាជិកសភាក្នុងសភាថា អាជ្ញាប័ណ្ណប្រហែល ៣០ ក្នុងចំណោមចំនួនសរុបប្រហែល ៣៥០ ត្រូវបានព្យួរ៕
ប្រែសម្រួល ឈូក បូរ៉ា