ត្រីបាឡែនបេលូហ្គា ដែលជាត្រីបាឡែន គេចោទថា ធ្វើចារកម្មឱ្យរុស្ស៊ី ត្រូវបានរកឃើញស្លាប់ នៅសមុទ្រន័រវែស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង AFP ។
ត្រីបាឡែននេះមានឈ្មោះថា វ៉ាឡឌីមៀរ (Hvaldimir) ត្រូវបានគេរកឃើញនៅឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនឹងកាមេរ៉ាហ្គោប្រូមួយ ដែលសរសេរថា «ឧបករណ៍នៃស៊ែនភីធឺស្បឺហ្គ (St Petersburg)»។ ការរកឃើញនេះ ត្រូវបានគេដាក់ការសង្ស័យថា ត្រីនេះត្រូវបានគេប្រើឱ្យមកធ្វើចារកម្មនៅន័រវែស។
ត្រីបាឡែននេះត្រូវបានអង្គការ Marine Mind ដែលជាអង្គការតាមដានសកម្មភាពរបស់ត្រីនេះ រកឃើញស្លាប់កាលពីចុងសប្ដាហ៍កន្លងទៅ។ សាកសពរបស់ត្រីបាឡែននេះត្រូវបានគេយកទៅដាក់នៅកន្លែងត្រជាក់ និងត្រួតពិនិត្យបន្ត ស្របពេលដែលមូលហេតុនៃការស្លាប់របស់ត្រីនេះ នៅមិនទាន់ដឹងនៅឡើយនោះទេ។
ត្រីនេះបាត់បង់ជីវិតនៅអាយុ ១៥ឆ្នាំ ខណៈអាយុត្រីបាឡែនប្រភេទនេះអាចរស់ដល់ ៦០ឆ្នាំឯណោះ។ កាលពីឆ្នាំ២០១៩កន្លងទៅ ខាងចារកម្មន័រវែសបានស៊ើបអង្កេត ហើយសន្មតថា ត្រីបាឡែនបេលូហ្គានេះជាអ្នកយកការណ៍ ដែលបង្វឹកដោយរុស្ស៊ី។ ត្រីនេះត្រូវបានគេរកឃើញនៅចម្ងាយ ៤១៥គីឡូម៉ែត្រពីកន្លែង ដែលនាវារបស់រុស្ស៊ីឈរជើង។
យ៉ាងណាមិញ ខាងរុស្ស៊ីនៅមិនទាន់ឆ្លើយតប ពាក់ព័ន្ធនឹងការចោទប្រកាន់នេះឡើយ៕