ព័ត៌មានអន្តរជាតិ

អាមេរិក នឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ក្រោយបែកធ្លាយព័ត៌មានថា ទីក្រុងតេហេរ៉ង់ បានផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៊ី

AFP

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាស កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មថ្មី លើប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹង ការចោទប្រកាន់ទៅ លើទីក្រុងតេហេរ៉ង់ នូវការផ្គត់ផ្គង់មីស៊ីល ទៅកាន់ទីក្រុងម៉ូស្គូ ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានច្រាន ចោលការចោទប្រកាន់នេះ និងថា វាជា “សង្គ្រាមចិត្តសាស្ត្រ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ លោក Blinken បានអះអាងថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លី Fath-360 មិនដឹងចំនួនដល់ទៅរុស្ស៊ី។

លោក Antony Blinken បាននិយាយថា “យើងបានព្រមានទីក្រុង តេហេរ៉ង់ជាសាធារណៈ យើងបានព្រមានទីក្រុង តេហេរ៉ង់ ជាលក្ខណៈឯកជនថា ការចាត់វិធានការនេះនឹងក្លាយជាការកើនឡើងដ៏គ្រោះថ្នាក់” ។ «ឥឡូវនេះ រុស្ស៊ីបានទទួលការដឹកជញ្ជូនកាំជ្រួចទាំងនេះ ហើយទំនងជានឹងប្រើវាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្នុងប្រទេសអ៊ុយក្រែន»។

លោក Blinken បានបន្តថា ទណ្ឌកម្មថ្មីនឹងត្រូវប្រកាស នៅពេលក្រោយនៅថ្ងៃអង្គារ ។ លោកបានកត់សម្គាល់ថា ក្នុងចំណោមអង្គភាព ដែលត្រូវបានគេកំណត់គោលដៅ នឹងមានក្រុមហ៊ុនអាកាសចរណ៍ ជាតិរបស់សាធារណរដ្ឋឥស្លាម Iran Air។

ព័ត៌មាននៃការចែកចាយមីស៊ីល ត្រូវបានរាយការណ៍ជាលើកដំបូង កាលពីថ្ងៃសុក្រសប្តាហ៍មុនដោយកាសែត Wall Street Journal ។ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបញ្ជាក់ពីរបាយការណ៍នេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីលោក Blinken នៅថ្ងៃអង្គារ។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ ។ មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់លោក Fazlollah Nozari បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់កាលពីថ្ងៃចន្ទថា “គ្មានមីស៊ីលណាមួយត្រូវបានបញ្ជូន ទៅប្រទេសរុស្ស៊ីទេ ហើយការអះអាងនេះ គឺជាប្រភេទនៃសង្គ្រាមចិត្តសាស្ត្រ” ។ លោក Nozari បានបន្ថែមថា “អ៊ីរ៉ង់មិនគាំទ្រភាគីណាមួយ នៃជម្លោះអ៊ុយក្រែន និងរុស្ស៊ី នោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top