អាមេរិក ៖ ខួរក្បាល អាចជាឧបករណ៍ ដុតរំលាយជាតិខ្លាញ់ ដ៏មានឥទ្ធិពលមួយ ។ អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Monash ក្នុងទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី បានរកឃើញថា មានអ័រម៉ូនធម្មជាតិពីរ អាចបំប្លែងខ្លាញ់ពណ៌ស ឲ្យទៅជាខ្លាញ់ពណ៌ត្នោតដែលជាខ្លាញ់ល្អ។
នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃសុក្រ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកដឹកនាំការសិក្សានេះ លោកសាស្រ្តាចារ្យ Tony Tiganis មកពីនាយកដ្ឋានជីវៈគីមី និងជីវសាស្រ្តម៉ូលេគុល បានមានប្រសាសន៍ថា ការបំប្លែងជាតិខ្លាញ់ពណ៌ស ឲ្យទៅជាខ្លាញ់ពណ៌ត្នោត គឺជាវិធីសាស្រ្តថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលវាអាចជួយឲ្យមនុស្សស្រកទម្ងន់ ដោយផ្តោតលើអង់ហ្ស៊ីមពីរ។
ក្នុងចំនោមអង់ហ្ស៊ីមទាំង២ លីពីន ជាអ័រម៉ូនបង្ក្រាបការឃ្លានអាហារដែលត្រូវបានបង្កើតឡើងក្នុងកោសិកាខ្លាញ់ និងមួយទៀតជាអាំងស៊ុយលីន ដែលចេញមកពីលំពែង នៅពេលកម្រិតគ្លុយកូសក្នុងឈាមឡើង។
ការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យធីហ្គានីស និងក្រុមរបស់គាត់បង្ហាញថា អង់ហ្ស៊ីមទាំងពីរ បានដើររួមគ្នា និងជំរុញក្រុមប្រព័ន្ធប្រសាទ ដែលគេហៅថា POMC ក្នុងខួរក្បាលឲ្យបំប្លែងខ្លាញ់សក្នុងរាងកាយ ទៅជាខ្លាញ់ពណ៌ត្នោត ក្នុងដំណើរការទុករំលាយខ្លាញ់ឲ្យទៅជាថាមពល។
ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនិយាយថា កុំបោះបង់របបអាហារ ដែលមានសុខភាព និងការធ្វើលំហាត់ប្រាណ ខណៈដែលដំណើរការ នៃការស្រាវជ្រាវនេះ ស្ថិតនៅផ្លូវវែងឆ្ងាយនៅឡើយ ។