វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម-កាណាដាម្នាក់ និងអ្នកសមគំនិត របស់លោកត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងបោកប្រាស់ក្រុមគ្រួសារមួយ ក្នុងចំនួនទឹកប្រាក់ ១.៧ ពាន់លានដុង ស្មើនឹង ៦៦,៩៥៦ ដុល្លារអាមេរិកដោយសន្យា ផ្តល់ជំនួយជាមួយនីតិវិធី អន្តោប្រវេសន៍ទៅកាន់ប្រទេសកាណាដា។
លោក Tang Ha Quoc Huy អាយុ ៣៦ឆ្នាំ ជនជាតិកាណាដា និងលោក Pham Hai Duc អាយុ ៣៤ឆ្នាំ ត្រូវបានប៉ូលិសខេត្ត Dong Thap ភាគខាងត្បូងប្រទេសវៀតណាម ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ដើម្បីស៊ើបអង្កេតការពាក់ព័ន្ធ របស់ពួកគេក្នុងការឆបោក។
យោងតាមរបាយការណ៍របស់ប៉ូលីសបាននិយាយថា លោក Huy និងលោក Duc បានទាក់ទងជាមួយស្ត្រីអាយុ ៤០ ឆ្នាំមកពី Dong Thap តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ពួកគេបានផ្តល់ជូនដើម្បីគ្រប់គ្រងការធ្វើអន្តោប្រវេសន៍របស់គ្រួសារលោកស្រីទៅកាន់ប្រទេសកាណាដា។ ស្ត្រីដែលមានជំនឿលើ លោក Huy ដោយសារឋានៈលោកជាជនជាតិវៀតណាម មានសញ្ជាតិកាណាដា បានផ្ទេរប្រាក់ប្រមាណ ៣៥០ លានដុង ដើម្បីរ៉ាប់រងថ្លៃដើម។
ការមានសង្ស័យរបស់លោកស្រីបានកើតឡើងនៅពេលក្រោយមក លោក Huy និងលោក Duc បានផ្តល់រូបថតនៃលិខិតឆ្លងដែនក្លែងក្លាយ និងបានស្នើសុំបន្ថែមចំនួន ៣៥០ លានដុង។ ដោយដឹងថា លិខិតឆ្លងដែនត្រូវបានចេញដោយគ្មានវត្តមានរបស់លោកស្រី ក៏ស្ត្រីរូបនោះបានរាយការណ៍ទៅអាជ្ញាធរ ឈានទៅដល់ការចាប់ខ្លួន លោក Huy និងលោក Duc ខណៈពួកគេកំពុងទទួលយកការទូទាត់លើកទី២។
ក្នុងពេលសួរចម្លើយ លោក Huy បានសារភាពថា មានសញ្ជាតិកាណាដា ប៉ុន្តែបានទៅរស់នៅប្រទេសវៀតណាម ដោយគ្មានការងារធ្វើអស់រយៈពេល ៤ឆ្នាំមកហើយ។ លោកបានបន្តថា គម្រោងក្លែងបន្លំនេះត្រូវបានបង្កើតឡើងជាមួយលោក Duc ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់លោក៕